ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។
គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មី សម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរ នឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។
វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។
ការគាំទ្រការផ្តល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗ អំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌៕