ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ អាជ្ញាធរភ្នំពេញ មានការងារយ៉ាងច្រើនកំពុងអនុវត្ត ខណៈបញ្ហាប្រឈមជាច្រើនក៏កំពុងដោះស្រាយ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានការងារយ៉ាងច្រើន ដែលបាននិងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលបាននិងកំពុងដោះស្រាយ។

ការលើកឡើងរបស់លោក ខាងលើនេះ ធ្វើឡើងនៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩កញ្ញានេះ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះលោក ឃួង ស្រេង បានលើកឡើងថា ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តដឹកនាំប្រទេសកម្ពុជា ដោយភាពស្វាហាប់ ថាមពលនិងគតិបណ្ឌិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើន ដើម្បីអោយប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រីកចំរើន ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង គូសបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញមានការងារយ៉ាងច្រើន ដែលយើងបាននឹងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតប ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ”។

លោក ឃួង ស្រេង បានបន្តថា ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និង មន្ទីរជំនាញនានា បានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាព ការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះដែរ។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើន ជាមួយនិងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន គូសបញ្ជាក់ថា “ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា”។

លោក ប្រាក់ សុខុន ក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខ សន្តិភាពនេះ បានល្អប្រសើរហើយក្តី៕

To Top