ព័ត៌មានអន្តរជាតិ

លោក Putin៖ ប្រទេសរុស្ស៊ី នឹងធ្វើការបង្កើនការផលិតដ្រូន ក្នុងស្រុកឲ្យបានទៅដល់ ១០ដង

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធារុស្ស៊ីគ្រោងនឹងទទួល យន្តហោះគ្មានមនុស្សបើកចំនួន ១០ ដងនៅឆ្នាំ ២០២៤ ច្រើនជាងឆ្នាំមុន។

ប្រធានាធិបតី Vladimir Putin បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មការឧស្សាហកម្មយោធា របស់ប្រទេសស្តីពីការអភិវឌ្ឍន៍ ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក។

លោកប្រធានាធិបតីបាននិយាយថា នៅឆ្នាំ២០២៣ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលយន្តហោះគ្មានមនុស្សបើកជិត ១៤០,០០០គ្រឿង នៃប្រភេទផ្សេងៗគ្នា ហើយអត្រានៃការផលិតរបស់ពួកគេបាន កើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ។

លោក Putin បានថ្លែងបែបនេះថា៖ នៅឆ្នាំនេះ ការផលិតយន្តហោះគ្មានមនុស្សបើក ត្រូវបានគ្រោងនឹងកើនឡើងជាច្រើនដង ឬដើម្បីឱ្យកាន់តែច្បាស់លាស់ជិតដប់ដង។
លោក​បន្ត​ថា ប្រព័ន្ធ​គ្មាន​មនុស្ស​បើក​កំពុង​ត្រូវ​បាន​ពង្រីក ហើយ​នាវា​គ្មាន​មនុស្ស​បើក​ ក៏​ត្រូវ​បាន​បង្កើនការអភិវឌ្ឍបន្ថែម​ឡើង​ផង​ដែរ ។

លើសពីនេះលោក Putin បានបញ្ជាក់ទៀតដែរថា ការរចនា ការធ្វើតេស្ត និងការផលិតមូដេលនៃយន្តហោះគ្មានមនុស្សបើក គ្រោងនឹងធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលផលិត និងវិទ្យាសាស្ត្រពិសេស ដែលក្នុងនោះ ៤៨ គ្រោងនឹងបង្កើតទូទាំងប្រទេសនៅឆ្នាំ ២០៣០ខាងមុខ៕

ប្រែសម្រួល៖ ស៊ុន លី

To Top