ព័ត៌មានអន្តរជាតិ

ឧបាយកលនយោបាយ របស់អាមេរិក លើបញ្ហាសិទ្ធិមនុស្ស មិនទទួលបានប្រជាប្រិយភាព ទូទាំងពិភពលោក

ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ឧបាយកលនយោបាយ នៃបញ្ហាសិទ្ធិមនុស្ស ដោយប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក កំពុងក្លាយជាការមិនពេញ និយមកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បានធ្វើការកត់ សម្គាល់ នៅពេលជួបជាមួយ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសជាច្រើននៅខាង ក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក។

លោកបានលើកឡើងថា ប្រទេសជាង ១០០ បានសម្តែងការគាំទ្ររបស់ពួកគេ ចំពោះជំហររបស់ប្រទេសចិន និងប្រឆាំងនឹងការធ្វើនយោបាយសិទ្ធិមនុស្សនៅក្នុងសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ (UNHRC) ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ។

ក្នុងសម័យប្រជុំនោះ ប្រទេសជិត ៨០ រួមទាំងប្រទេសមូស្លីមជាច្រើនបានថ្លែងសេចក្តីថ្លែងការណ៍រួមគាំទ្រប្រទេសចិន ហើយប្រទេសជាង ២០ ផ្សេងទៀត បានសម្តែងការគាំទ្រ របស់ពួកគេតាមវិធីផ្សេងៗ ដោយគាំទ្រជំហរត្រឹមត្រូវ របស់ប្រទេសចិន នៅពេលដែលប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក បានប្រើប្រាស់តំបន់ស៊ីនជាំង បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ និង​ធ្វើ​បាប​ស្ថានភាព​សិទ្ធិ​មនុស្ស ​របស់​ប្រទេស​ចិន។

លោកបានបន្ថែមថា បណ្តាប្រទេសមូស្លីមភាគច្រើនបានឃើញ ជាយូរមកហើយតាមរយៈល្បិចរបស់សហរដ្ឋអាមេរិក ហើយយល់ថាវាគ្រាន់តែប្រើប្រាស់សិទ្ធិមនុស្សជាលេស ដើម្បីជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

លោកបានបន្ដថា ការគាំទ្រយ៉ាងច្បាស់ ពីប្រទេស កំពុងអភិវឌ្ឍន៍ជាង ១០០ នៅ UNHRC មិនត្រឹមតែការពារសិទ្ធិ ស្របច្បាប់ របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ការពារផលប្រយោជន៍ រួមរបស់ប្រទេសកំពុងអភិវឌ្ឍនល និងការពារគោលការណ៍ ជាមូលដ្ឋាន នៃការមិនជ្រៀតជ្រែកផ្ទៃក្នុង និងកិច្ចការក្នុងទំនាក់ ទំនងអន្តរជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top