ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នាល្ងាចថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូ សាលារាជធានីភ្នំពេញ ចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គ នៃសមាជិកការិយាល័យអចិន្ត្រៃយ៍ លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
គួរឱ្យដឹងថា លោក ឃួង ស្រេង នឹងចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ លើកទី១០២ របស់(AIMF)ក្រោមមតិស្វាគមន៍ របស់លោកស្រី Anne HIDALGO អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមAIMF។ នៅថ្ងៃទី៤ខែតុលា លោកអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទីក្រុង Villers.Cotterets៕