តៃប៉ិ៖ នៅថ្ងៃចន្ទនេះ កោះតៃវ៉ាន់ បានចេញការព្រមាននៅមុនពេលនៃការមកដល់របស់ព្យុះទីហ្វុង Krathon ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំង និងបក់ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងលិចដែលមានប្រជាជនរស់នៅច្រើនរបស់ដែនកោះនេះ ដែលនាំមកនូវភ្លៀងធ្លាក់ចុះខ្លាំង និងខ្យល់បោកបក់ខ្លាំង ។
គេបានដឹងថា កោះតៃវ៉ាន់ តែងតែរងការវាយប្រហារដោយព្យុះទីហ្វុង ប៉ុន្តែជាទូទៅព្យុះនេះបានបោកបក់នៅតាមតំបន់ភ្នំ និងមានប្រជាជនរស់នៅតិចៗនៅឆ្នេរសមុទ្រភាគខាងកើតដែលប្រឈមមុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក ។
រដ្ឋបាលអាកាសធាតុកណ្តាល ហៅកាត់ (CWA ) បានឲ្យដឹងថា ព្យុះទីហ្វុង Krathon ត្រូវបានគេចាត់ទុកថា ជាព្យុះទីហ្វុងដែលមានឥទ្ធិពលមធ្យម ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់មកទីក្រុងកំពង់ផែ Kaohsiung នៅព្រឹកថ្ងៃពុធ ក្រោយមកធ្វើដំណើរឆ្លងកាត់កណ្តាលនៃដែនកោះតៃវ៉ាន់ ឆ្ពោះទៅភាគឦសាន ហើយឆ្លងចូលទៅក្នុងសមុទ្រចិនខាងកើត ។
យោងតាមហានិភ័យនៃព្យុះត្រូពិក បានឱ្យដឹងថា ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងកាន់តែមានកម្លាំងខ្លាំងឡើង ស្មើនឹងខ្យល់ព្យុះប្រភេទទី៤ ដែលមានកម្លាំងខ្យល់បោកបក់ខ្លាំងជាង២២០គីឡូម៉ែត្រក្នុង១ម៉ោងនៅជិតចំណុចកណ្តាលរបស់ព្យុះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា