ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យការទទួលរក្សា ហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបាននិងកំពុងដឹកមកដល់មណ្ឌល កំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ។

ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យដោយហ្មត់ចត់បំផុតពី គណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តដំណើរការកំណែ។

លោកឧបនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួង ស្ថាប័នចំនួន ៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ និងជំរុញឱ្យដំណើរការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។

ចំនួនបេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប៕
