ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក នៅតែខ្វែងគំនិត​គ្នា ​លើ​សង្គ្រាម​អ៊ុយក្រែន និងបញ្ហា​តំបន់

Kyodo

វៀងច័ន្ទន៍ ៖ ប្រទេសសំខាន់ៗនៅអាស៊ីប៉ាស៊ីហ្វិក នៅតែមានការខ្វែងគំនិតគ្នា កាលពីថ្ងៃសុក្រ ជុំវិញសង្គ្រាមអូសបន្លាយ របស់រុស្ស៊ី នៅអ៊ុយក្រែន និងបញ្ហាក្នុងតំបន់សំខាន់ៗ ដូចជាភាពតានតឹង នៅសមុទ្រចិនខាងត្បូង និងការអភិវឌ្ឍមីស៊ីល របស់កូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំ មេដឹកនាំរបស់ពួកគេ នៅប្រទេសឡាវ។

ក្នុងចំណោមប្រទេសចំនួន ១៨ ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងរដ្ឋធានីវៀងចន្ទន៍ សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសមួយចំនួនទៀត បានរិះគន់ការឈ្លានពាន របស់ទីក្រុងមូស្គូ លើអ៊ុយក្រែនដោយថា វាជាការបំពានយ៉ាងច្បាស់ លើច្បាប់អន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានរំលោភលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការព្យាយាមផ្តាច់ខ្លួនពីរុស្ស៊ី និងចិន ហើយទាក់ទាញសមាជិកអាស៊ាន ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

អ្នកចូលរួមបានឲ្យដឹងថា រដ្ឋសមាជិកមួយចំនួនបានសម្តែង ការប្រុងប្រយ័ត្នចំពោះ “សកម្មភាពបង្ខិតបង្ខំ” នៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិន និងប្រទេសជិតខាងបានចូលរួម ក្នុងជម្លោះទឹកដី ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

បណ្តាប្រទេសដូចជាជប៉ុន និងកូរ៉េខាងត្បូង ក៏បានលើកឡើងពីការព្រួយបារម្ភ អំពីកិច្ចសហប្រតិបត្តិការយោធា កាន់តែជិតស្និទ្ធរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ីផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដោយប្រមូលផ្តុំសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ចំនួន១០ និងប្រទេសចំនួន ៨ ផ្សេងទៀតដោយមានអ្នកចូលរួមផងដែរ រួមមាននាយករដ្ឋមន្ត្រីជប៉ុនដែលទើបជាប់ឆ្នោត លោក Shigeru Ishiba នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top