ប៊ែកឡាំង៖ កាលពីថ្ងៃសុក្រ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់សារជាថ្មីនូវការគាំទ្រ ឥតងាករេចំពោះប្រទេសអ៊ុយក្រែន ថ្លែងនៅក្នុងអំឡុងពេលនៃ ការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅទីក្រុងប៊ែកឡាំង ប៉ុន្តែលោក Scholz បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) មិនត្រូវក្លាយជាភាគីនៃសង្គ្រាមនោះទេ ។
លោក Scholz បានបញ្ជាក់ថា “យើងឈរខាងអ៊ុយក្រែន ដរាបណាប្រទេសនេះត្រូវការ” ដោយបានថ្លែងទៀតថា សកម្មភាពត្រូវបានសម្របសម្រួល យ៉ាងជិតស្និទ្ធនៅទូទាំងអាត្លង់ទិក ។
លោក Scholz បានសង្កត់ធ្ងន់ថា អង្គការ NATO មិនត្រូវក្លាយជាភាគីនៃសង្រ្គាម ដើម្បីទប់ស្កាត់វាពីការបង្ក គ្រោះមហន្តរាយកាន់តែខ្លាំងឡើយ ។
លោក បៃដិន បានកត់សម្គាល់ថា ភាគីទាំង២ នឹងជួបពិភាក្សាគ្នាដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង បន្តដើម្បីបង្កើនការគាំទ្រដល់យោធាអ៊ុយក្រែន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលស៊ីវិលរបស់អ៊ុយក្រែន និងជួយដល់អ៊ុយក្រែន ឲ្យងើបឡើងវិញ ។
លោក បៃដិន បានមកដល់ក្រុងប៊ែកឡាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាពេលវេលាចុងក្រោយនៅ មុនពេលចាកចេញពីតំណែង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា