ព័ត៌មានជាតិ

៩ខែ ក្រុមការងារហ្វេសប៊ុកសម្ដេច ស ខេង និងលោក ស សុខា បានដោះស្រាយ និងឆ្លើយតបម្ចាស់ គណនី ២៧៤គណនី

ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ ក្រុមការងារតាមដានពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែតុលានេះ លោកឧបនាយករដ្ឋមន្រ្តីស សុខា បានបញ្ជាក់ថា «ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ នេះ ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុកសម្តេច ក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួរ របស់ប្រជាពលរដ្ឋ ចំនួន ៥៨២គណនី ដែលក្នុងនោះ មតិយោបល់ របស់ប្រជាពលរដ្ឋ ចំនួន ១៨៤គណនី បានលើកឡើងជាធាតុចូល ជូនថ្នាក់ដឹកនាំ និង អង្គភាពជំនាញផ្សេងៗដើម្បីជ្រាប ក៏ដូចជាការកែលំអរ ក្នុងការងារប្រចាំថ្ងៃក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៧៤គណនី និង ១២៤គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ» ។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី បានលើកទឹកចិត្ត និងឲ្យថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក ខិតខំប្រឹងប្រែង និងការសហការគ្នា បំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិឲ្យបានកាន់តែល្អប្រសើ ។ ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិត ក៏សុំការយល់យោគអធ្យាស្រ័យ ពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់ បានដោះស្រាយចប់សព្វគ្រប់ ដោយសារតែករណីខ្លះមានភាពស្មុគស្មាញ ត្រូវទាមទារ ពេលវេលាក្នុងការដោះស្រាយ។

លោក ស សុខា ក៏បានថ្លែងអំណរគុណជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្តេច ស ខេង ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ៕

To Top