ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីកូរ៉េខាងជើង ទៅត្រួតពិនិត្យមូលដ្ឋានមីស៊ីល ដោយលើកឡើងពីការគំរាមកំហែង នុយក្លេអ៊ែរកាន់តែខ្លាំងរបស់អាមេរិក

AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាមូលដ្ឋានមីស៊ីល ដើម្បីពិនិត្យមើលការត្រៀមខ្លួន របស់ពួកគេក្នុងការអនុវត្តសកម្មភាពនៃ “ការរារាំងជាយុទ្ធសាស្ត្រ” ខណៈពេលដែលបានហៅសមត្ថភាព នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា ឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិក បង្កការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះបរិយាកាសសន្តិសុខរបស់កូរ៉េខាងជើង ដែលទាមទារឱ្យក្រុងព្យុងយ៉ាង រក្សាជំហរប្រឆាំងយ៉ាងតឹងរ៉ឹង នៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។

កូរ៉េខាងជើងបាននឹងកំពុងបង្កើន ការអភិវឌ្ឍន៍មីស៊ីលផ្លោង និងឃ្លាំងអាវុធនុយក្លេអ៊ែរ ដោយទាញទណ្ឌកម្មអន្តរជាតិ និងបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់មូលដ្ឋាននានាកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត។ នេះបានរួមបញ្ចូលទាំងការព្រួយបារម្ភជុំវិញ អ្វីដែលក្រុងសេអ៊ូលនិយាយថា ជាការបញ្ជូនទាហានកូរ៉េខាងជើងទៅរុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែនដែលជាការអះអាងមួយ ត្រូវបានក្រុងព្យុងយ៉ាងបដិសេធចោល។

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik និង Jacek Siewiera ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ បានសម្តែងការព្រួយបារម្ភ ចំពោះកិច្ចសហប្រតិបត្តិការយោធា របស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងសេអ៊ូល៕

ប្រែសម្រួលៈ ណៃ តុលា

To Top