ម៉ានីល៖ មន្ត្រីបាន នៅថ្ងៃព្រហស្បតិ៍នេះថា ព្យុះត្រូពិច ដែលមានឈ្មោះថា Trami បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២៦នាក់ និងបង្ខំឱ្យមនុស្ស ជាង១៥០.០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង របស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន ខណៈព្យុះនេះបានបោកបក់ មកលើឆ្នេរសមុទ្រភាគឦសាន ។
ព្យុះ Trami ដែលគេស្គាល់ថា ជាព្យុះត្រូពិចដ៏ខ្លាំងក្លា គឺ Kristine បានបង្អុរភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅលើកោះ Luzon ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើង ជាច្រើនកន្លែង ។
ទីភ្នាក់ងារអាកាសធាតុរដ្ឋ បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រអាកាសធាតុ នៅម៉ោង១១ព្រឹករបស់ខ្លួនថា ជាមួយនឹងខ្យល់បក់អតិបរមា៩៥គីឡូម៉ែត្រក្នុង១ម៉ោង ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆ្លងកាត់តំបន់ ភ្នំភាគខាងជើងនៃតំបន់ Cordillera ឆ្ពោះទៅសមុទ្រចិនខាងត្បូង ។
ទីភ្នាក់ងារខាងលើបានព្រមាន អំពីភ្លៀងធ្លាក់ចុះខ្លាំងឡើងៗ បង្កជាគ្រោះទឹកជំនន់ គ្រោះបាក់ដី និងខ្យល់ព្យុះមកទៅលើខេត្ត មួយចំនួនទៀតនៅភាគខាងជើងផងដែរ ។
ក្រុមមន្ត្រីបានឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ដោយសារព្យុះនេះគិតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែការលង់ទឹក និងគ្រោះបាក់ដីនៅក្នុងតំបន់ភាគកណ្តាល Bicol រួមទាំងទីក្រុង Naga ដែលមានមនុស្សចំនួន១៤នាក់ត្រូវបានគេរាយការណ៍មកថា បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា