ព័ត៌មានអន្តរជាតិ

តុលាការរបស់រុស្ស៊ី ចេញដីការចាប់ខ្លួនចៅក្រម របស់តុលាការអន្តរជាតិ ICC

Sputnik

បរទេស៖ តុលាការក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួនលោក Haykel Ben Mahfoudh ដែលជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទ ស្ថានភាពនៃការជាប់ពន្ធនាគារដោយ គ្មានសិទ្ធិអំណាចតវ៉ាផ្លូវច្បាប់ នៅក្នុងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់តុលាការបានប្រាប់សារព័ត៌មាន TASS ថា លោក Ben Mahfoudh ក៏ត្រូវបានដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអន្តរជាតិផងដែរ។ សេចក្តីសម្រេចមានន័យថា លោក Ben Mahfoudh នឹងត្រូវឃុំខ្លួនភ្លាមៗ ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ឬត្រូវបានធ្វើបត្យាប័នដោយប្រទេសទីបី។

លោកមានទំនួលខុសត្រូវក្នុងការ កំណត់គោលដៅទៅលើឧត្តមសេនីយកំពូល របស់ប្រទេសរុស្ស៊ី និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន។ ការចោទប្រកាន់ដាក់ពន្ធនាគារមិនពិតកើតចេញពី ការសម្រេចរបស់លោកក្នុងការចេញដីកា ចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu និងអគ្គសេនាធិការរបស់ប្រទេសលោក Valery Gerasimov។ ប្រសិនបើរកឃើញថាមានកំហុស លោក Ben Mahfoudh ប្រថុយនឹងការជាប់ពន្ធនាគាររហូតដល់ ៤ ឆ្នាំសម្រាប់បទល្មើសនេះ ស្របតាមច្បាប់របស់រុស្ស៊ី។

ដីការបស់តុលាការ ICC សម្រាប់លោក Shoigu និង លោក Gerasimov ដែលត្រូវបានចេញកាលពីខែមិថុនា ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជម្លោះអ៊ុយក្រែន បានក្លាយជាសកម្មភាពអរិភាពចុងក្រោយបង្អស់ ដែលធ្វើឡើងដោយស្ថាប័នអន្តរជាតិប្រឆាំងនឹងរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top