ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជាឲ្យធ្វើការជម្លៀសពលរដ្ឋចេញ នៅមុនពេលព្យុះទីហ្វុង Usagi នឹងបោកបក់មកលើប្រទេសនេះ

Xinhua

ម៉ានីល៖ នៅថ្ងៃពុធនេះ ប្រទេសហ្វីលីពីនបានបញ្ជាឱ្យមាន ការជម្លៀសខ្លួននៅមុនពេលព្យុះទីហ្វុង Usagiជិតមកដល់ ខណៈការិយាល័យគ្រោះមហន្តរាយ របស់អង្គការសហប្រជាជាតិ បានស្វែងរកជំនួយចំនួន ៣២,៩លានដុល្លារ សម្រាប់ជួយដល់ប្រទេសនេះ បន្ទាប់រងគ្រោះដោយព្យុះដែលបាន សម្លាប់មនុស្សជាងអស់១៥០នាក់ ។

សេវាអាកាសធាតុជាតិបានឲ្យដឹងថា ព្យុះ Usagi ដែលជាព្យុះទី៥ របស់ប្រទេសប្រជុំកោះក្នុងរយៈពេល ៣សប្តាហ៍ ទំនងជានឹងបោកបក់ នៅថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Cagayan នៅចុងភាគឦសាននៃកោះLuzon ។

ប្រធានការពារជនស៊ីវិលខេត្ត Rueli Rapsing បានឲ្យដឹងថា អភិបាលក្រុងត្រូវបានបញ្ជាឱ្យជម្លៀស អ្នកស្រុកនៅតំបន់ងាយរងគ្រោះ ដោយប្រើកម្លាំងប្រសិនបើចាំបាច់ នៅគ្រាដែលព្យុះទីហ្វុងបក់បោក១២០ គីឡូម៉ែត្រក្នុង១ម៉ោង បានបោកបក់មកលើប្រទេសនេះ ។

គាត់បានប្រាប់ដល់ទីភ្នាក់ងារ AFP តាមទូរស័ព្ទថា “នៅក្រោម (ពិធីសារសង្គ្រោះបន្ទាន់) អភិបាលក្រុងទាំងអស់ត្រូវតែ អនុវត្តការជម្លៀសដោយបង្ខំ ជាពិសេសសម្រាប់តំបន់ដែលងាយរងគ្រោះ” ដោយបានបន្ថែមថា ពលរដ្ឋ៤០.០០០នាក់ នៅក្នុងខេត្តនេះរស់នៅក្នុងតំបន់ ដែលងាយនឹងមានគ្រោះថ្នាក់ ។

អ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋ Christopher Perez បានប្រាប់ដល់អ្នកយកព័ត៌មានថា តំបន់នេះនឹងត្រូវលិចនៅក្នុងពេលភ្លៀង “ខ្លាំងទៅខ្លាំង” នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលអាចបង្កឱ្យមានទឹកជំនន់ និងគ្រោះបាក់ដី ដោយដីនៅតែសើមដោយសារ ភ្លៀងធ្លាក់នាពេលថ្មីៗនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top