ព័ត៌មានជាតិ

វិមានក្រឹមឡាំងថា ការផ្អាកជម្លោះ ជាមួយអ៊ុយក្រែន គឺមិនអាចទទួលយកបាន

RT News

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូ បានច្រានចោល នូវលទ្ធភាព នៃការបង្កកជម្លោះអ៊ុយក្រែន ។ លោកបានឆ្លើយតបទៅ នឹងរបាយការណ៍ដែលថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គ្រោងនឹងស្នើផែនការនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយដកស្រង់ប្រភពដែលដឹងពីផែនការរបស់លោក Erdogan បានអះអាងថា មេដឹកនាំតួកគីនឹងស្នើឱ្យបង្កកជម្លោះ “នៅលើបន្ទាត់បច្ចុប្បន្ន” និងលើកទឹកចិត្តទីក្រុងគៀវ ឱ្យពន្យារពេលការពិភាក្សា អំពីការចូលរួមក្នុងអង្គការណាតូ យ៉ាងហោចណាស់ ១០ឆ្នាំ ជា “សម្បទាន” ដល់ទីក្រុងម៉ូស្គូ។

លោកក៏បានរាយការណ៍ ផងដែរថា គ្រោងនឹងស្នើបង្កើត តំបន់គ្មានយោធា នៅតំបន់ Donbass ជាកន្លែងដែលកងទ័ព អន្តរជាតិ នឹងត្រូវដាក់ពង្រាយ ដើម្បីផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

ដោយសួរដើម្បីធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះ លោក Peskov បានបញ្ជាក់ថា ទីក្រុងម៉ូស្គូមិនមានព័ត៌មាន អំពីសំណើណាមួយដែលត្រូវបានរៀបចំដោយលោក Erdogan ដែលជាប្រធានាធិបតីតួកគីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា “ការបង្កកប្រភេទណាមួយ តាមខ្សែបន្ទាត់នៃជម្លោះយោធា គឺមិនអាចទទួលយកបានសម្រាប់ភាគីរុស្ស៊ី”។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីមុនបានគូសបញ្ជាក់ លក្ខខណ្ឌសម្រាប់ការបញ្ចប់អរិភាព ហើយជំហានទាំងនោះគឺជា “អ្វីដែលត្រូវធ្វើ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា”៕
ប្រែសម្រួលៈ ណៃ តុលា

To Top