ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ជូនថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងពិធីប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំកម្ពុជា ។ ពិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ The Raffles Hotel Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូប។
លោកឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលដឹកនាំដោយ លោកស្រី Jenny Scharrer ជានាយិកាប្រចាំប្រទេស នាពេលកន្លងមក ដែលមានកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូល្អជាមួយនឹងក្រសួង ស្ថាប័ននានានៅកម្ពុជា ជាពិសេស ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានភាពធន់ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាច្រើនទៀត។
លោករដ្ឋមន្ដ្រី ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ លោក Daniel Plankermann ដែលត្រូវបានតែងតាំងជា នាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា ជំនួស លោកស្រី Jenny Scharrer បានបញ្ចប់បេសកកម្មនាពេលនេះ ហើយប្ដេជ្ញានឹងបង្កើនកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយធនាគារ KfW ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។
ជាកិច្ចបញ្ចប់ លោក ឆាយ ឫទ្ធិសែន និង លោកឯកអគ្គរដ្ឋទូត បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ជូនថ្នាក់ដឹកនាំរបស់ KfW ដែលស្នាដៃល្អ ក្នុងការបំពេញការងារនៅកម្ពុជា ព្រមទាំងមានការទទួលទានអាហារការងារ ក្រោមបរិយាកាសរីករាយ និងមានកិច្ចសហប្រតិបត្តិការខ្ពស់ផងដែរ៕