បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ទទួលបាន “ព័ត៌មានផ្ទាល់” ស្តីពីជម្លោះអ៊ុយក្រែន ដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួន ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមលោក Peskov បាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាថា “នេះគឺសំខាន់សម្រាប់យើង។ វាអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី Modi វាយតម្លៃស្ថានភាពដោយចេតនា ជាជាងស្ថិតនៅក្រោមសម្ពាធផ្នែកព័ត៌មាន និងការឃោសនាពីខាងក្រៅ” ។
លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ដែលចង់រួមចំណែកក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន ជាពិសេសនៅពេលដែលកិច្ចខិតខំប្រឹងប្រែង ទាំងនេះបានមកពី “មិត្តដ៏អស្ចារ្យរបស់យើងដូចជាឥណ្ឌា” ។
សូមជម្រាបថា រដ្ឋាភិបាលទីក្រុងញូវដែលីបានបដិសេធ មិនថ្កោលទោសទីក្រុងមូស្គូជុំវិញ ជម្លោះអ៊ុយក្រែន ហើយបានជំទាស់ជាចំហ ចំពោះទណ្ឌកម្មដែលដាក់លើរុស្ស៊ី ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេ ដោយលើកហេតុផលថា វិធានការបែបនេះបានប៉ះពាល់ដល់ថាមពល និងសន្តិសុខស្បៀងជាសាកល ធ្វើឱ្យប៉ះពាល់ដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងមិនទាន់មានការអភិវឌ្ឍន៍ជាច្រើន នៅសកលលោកខាងត្បូង។
លោក Modi បានអះអាងនៅលើវេទិកាអន្តរជាតិជាច្រើនថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាចដោះស្រាយបាននៅលើសមរភូមិ ហើយគួរតែត្រូវបានដោះស្រាយតាមរយៈការទូត។ លោកបានបញ្ជាក់ថា ទីក្រុង ញូវដេលី ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា