ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានច្រានចោលចំពោះការចុះផ្សាយរបស់វិទ្យុបារាំង RFI ដែលបានចុះផ្សាយថា «គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន»។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បាននឹងកំពុងអនុវត្តន៍យ៉ាងសកម្ម ហើយគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងត្រូវសាងសង់រួចរាល់ ទៅតាមផែនការដែលបានគ្រោងទុក។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញបើកការដ្ឋានជាផ្លូវការគម្រោង ព្រែកជីកហ្វូណនតេជោ ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅ លើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់៕