ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ក្លាយជាតួអង្គមួយដ៏សកម្មក្នុងការ លើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានក្លាយជាតួអង្គមួយដ៏សកម្ម ក្នុងការលើកកម្ពស់យន្តការពហុភាគី និយម និងសណ្តាប់ធ្នាប់ អន្តរជាតិដែលផ្អែកលើច្បាប់។

ការគូសបញ្ជាក់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី បែបនេះ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាត ICAPP លើកទី១២ ស្តីពីសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា «កម្ពុជាបានក្លាយជាតួអង្គមួយ ដ៏សកម្ម ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ នៅក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗទៀត មានការជោគជ័យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា ហៅកាត់ថា ECCC ឬហៅថាសាលាក្តីខ្មែរក្រហមនោះបានផ្តល់ យុត្តិធម៌សម្រាប់ ជនរួមជាតិដែលបានស្លាប់ និងសន្តិភាពសម្រាប់អ្នករស់នៅមានជីវិត»។

សម្តេចធីបតី បានបន្តថា កម្ពុជាក៏មានតួនាទីក្នុងការថែរក្សាសន្តិភាព ក្នុងសកលលោក និងការដោះមីនដែលស្ថិតក្នុងក្រោមឆ័ត របស់អង្កការសហប្រជាជាតិ(UN) បានឆ្លុះបញ្ចាំងពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខជាមួយអតីតកាលដ៏លំបាក និងកំណត់បទដ្ឋានប្រឆាំង អំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅពេលអនាគត ព្រមទាំងការផ្លាស់ប្តូរកម្ពុជា ពីជនរងគ្រោះក្លាយជាអ្នកការពារសន្តិភាព ដ៏សកម្មនិងជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បទពិសោធន៍របស់កម្ពុជាបានបង្ហាញថា ជម្លោះអាចបញ្ចប់បាន យុត្តិធម៌អន្តរកាលអាចសម្រេចបាន ហើយតំបន់សង្គ្រាមក្លាយជា តំបន់សន្តិភាព ព្រមទាំងសហការ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអះអាងថា ទាំងអស់នេះដែលសម្រេចបានលុះត្រាតែការខិតខំប្តេជ្ញា ឆ្ពោះទៅរកការផ្សះផ្សា តាមនយោបាយ ឈ្នះ ឈ្នះ ទាំងសងខាង៕

To Top