បរទេស៖ ទីប្រឹក្សាសន្តិសុខកំពូល របស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើង នូវមីស៊ីលប្រឆាំងដែនអាកាសជាថ្នូរ នឹងការពង្រាយកងទ័ព ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅក្នុងប្រទេស អ៊ុយក្រែន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង ១០.០០០ នាក់ ដើម្បីជួយរុស្ស៊ីក្នុងការប្រយុទ្ធជាមួយអ៊ុយក្រែន ដោយអ្នកជំនាញនិយាយថា លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង មានបំណងចង់ទទួលបានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ប្រយុទ្ធ សម្រាប់កងទ័ពរបស់លោកជាថ្នូរនឹងការត្រឡប់មកវិញ។
នៅពេលសួរថាតើទីក្រុងសេអ៊ូលជឿថា ទីក្រុងព្យុងយ៉ាងទទួលបានអ្វីខ្លះសម្រាប់កងទ័ព , ទីប្រឹក្សាសន្តិសុខកំពូលរបស់កូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា “វាត្រូវបានគេកំណត់ថាឧបករណ៍ និងមីស៊ីលប្រឆាំងយន្តហោះ ដែលមានបំណងពង្រឹងប្រព័ន្ធការពារដែនអាកាសដែលងាយរងគ្រោះរបស់ទីក្រុងព្យុងយ៉ា ងត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងជើង” ។
ថ្លែងទៅកាន់ទូរទស្សន៍ក្នុងស្រុក SBS លោក Shin បានបន្ថែមថា ប្រទេសកូរ៉េខាងជើងបានទទួល “ទម្រង់ផ្សេងៗនៃការគាំទ្រផ្នែកសេដ្ឋកិច្ច” ហើយ “បន្ទាប់ពីការបរាជ័យ (ការបាញ់បង្ហោះ) នៅថ្ងៃទី ២៧ ខែឧសភា ប្រទេសកូរ៉េខាងជើងបាននិងកំពុងធ្វើការលើបច្ចេកវិទ្យាដែលទាក់ទងនឹងផ្កាយរណប” ។
អ្នកជំនាញបាននិយាយពីមុនថា ដើម្បីជាថ្នូរនឹងកងទ័ព កូរ៉េខាងជើងទំនងជាមានបំណងចង់ទទួលបានបច្ចេកវិទ្យាយោធា រាប់ចាប់ពីផ្កាយរណបឃ្លាំមើល រហូតដល់នាវាមុជទឹក ក៏ដូចជាការធានាសន្តិសុខដែលអាចធ្វើទៅបានពីទីក្រុងម៉ូស្គូ។
មេដឹកនាំកូរ៉េខាងជើង លោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថែមទាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមិថុនា ក្នុងអំឡុងទស្សនកិច្ចរបស់ប្រមុខវិមានក្រឹមឡាំង៕
ប្រែសម្រួលៈ ណៃ តុលា