ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ​ ជួយយកពលរដ្ឋខ្មែរម្នាក់​ រួមទាំងជនបរទេស​ ក្រោយមានអាការ:មិន​ស្រួលខ្លួន ពីកោះរ៉ុង​ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​ព្រះសីហនុ 

ភ្នំពេញ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្ងន់ធ្ងរ និងភ្ញៀវទេសចរណ៍ជនជាតិបរទេស មានអាការៈចុកក្អួត ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។

គួរឱ្យដឹងថា​បុរសខាងលើ រួមនឹងភ្ញៀវទេសចរណ៍ជនជាតិបរទេស ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ​ ។ 

ជាមួយគ្នានេះ​ មិនថាកិច្ចជួយយកអាសាមនុស្សគ្រប់គ្នា​ ដែលមានធុរ:បន្ទាន់​ ពីតាមបណ្តាលកោះនោះទេ​ ថ្មីនេះ​ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រ ចេញទៅជួយសង្គ្រោះ ករណីលិចទូកមួយគ្រឿងដែលដឹកទំនិញ និងមានដឹកភ្ញៀវទេសចរណ៍បរទេស​ របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ) នៅសមុទ្រម្តុំជិតកូនកោះ ស្ថិតក្នុងភូមិដេីមថ្កូវ សង្កាត់ កោះ រ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ផងដែរ​ ខណ:ដែលករណីលិចទូកនេះ​ តាមការអះអាងបឋមថា ដោយសារខូចម៉ូទ័របូមទឹក ៕

To Top