ព័ត៌មានអន្តរជាតិ

ស្លាប់ប៉ូលីសម្នាក់ និងរាប់សិបនាក់រងរបួស ក្នុងការតវ៉ាទាមទារឱ្យដោះលែង អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan

AFP

បរទេស៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលកំពុងជាប់ពន្ធនាគារនៅខាងក្រៅទីក្រុង Islamabad កាលពីល្ងាចថ្ងៃចន្ទ បានបណ្តាលឲ្យមន្ត្រីប៉ូលិស យ៉ាងហោចណាស់ម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អំពើហឹង្សាបានផ្ទុះឡើងនៅពេល ដែលអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់ប៉ាគីស្ថាន បានព្យាយាមចូលទៅក្នុងរដ្ឋធានី សម្រាប់ការតវ៉ាមួយរហូតដល់ការ ទាមទាររបស់ពួកគេត្រូវបានបំពេញ។

គណបក្សរបស់លោក Khan បានចោទប្រកាន់ប៉ូលីសពីបទ “បាញ់គ្រាប់កាំភ្លើងពិត” ទៅកាន់ក្រុមបាតុករ ខណៈដែលពួកគេបានមកដល់នៅខាងក្រៅទីក្រុង Islamabad ។ វាបានរាយការណ៍ពីអ្នករបួសរាប់សិបនាក់ ដោយនិយាយថា អាជ្ញាធរក៏បានចាប់ខ្លួន អ្នកតវ៉ា និងមេដឹកនាំ PTI រាប់រយនាក់ផងដែរ។ ភរិយារបស់លោក Khan គឺលោកស្រី Bushra Bibi កំពុងដឹកនាំការប្រមូលផ្តុំដែលបានចូល ទីក្រុងនៅមុនថ្ងៃរះនៅថ្ងៃច័ន្ទ ហើយត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរទៅកាន់ទីកន្លែងនេះ ទោះបីជាមានការរារាំង និងការបង្រ្កាបរបស់ប៉ូលីសក៏ដោយ។

ក្នុងពេលថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានព្រមានថា កងកម្លាំងសន្តិសុខត្រូវបានកំណត់ថា នឹងចាប់ខ្លួនជនណាដែលចូលទៅដល់កន្លែងនោះ។ លោក​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​មន្ត្រី​ប៉ូលិស ហើយ​បាន​និយាយ​ថា មន្ត្រី​ជាច្រើន​នាក់​ទៀត ​ក៏​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដែរ​បន្ទាប់​ពី​រង​ការ​បាញ់​ប្រហារ​ពី​បាតុករ។

គណបក្ស PTI បានចាប់ផ្តើមការហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យ ជាផ្នែកនៃយុទ្ធនាការរបស់ខ្លួន ដើម្បីស្វែងរកការបញ្ចប់ការឃុំខ្លួនរបស់លោក Khan រួមជាមួយនឹងសមាជិកបក្សរាប់សិបនាក់ ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោស។ គណបក្សប្រឆាំងក៏បានទាមទារ ឱ្យលោកនាយករដ្ឋមន្ត្រី Shehbaz Sharif លាលែងពីតំណែង និងរដ្ឋាភិបាលចម្រុះរបស់គាត់ផងដែរ ដោយអះអាងថា ពួកគេបានមកពីការបោះឆ្នោត មិនប្រក្រតីដែលបានធ្វើឡើងនៅក្នុងខែកុម្ភៈ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top