ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព។
នាឱកាសអញ្ជើញអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះឱ្យបានទាំងអស់គ្នា ដើម្បីចាប់នូវយកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តខិតខំប្រឹងប្រែងផ្ដល់ការសម្របសម្រួល និងការគាំទ្រ ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនឹងកើតមានឡើង ក្រោយការសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃថ្នាល ព្រមទាំងកែលម្អចំណុចខ្វះខាត ក្រោយពេលអនុវត្តតាមភាពជាក់ស្ដែង។
សម្តេចបវរធិបតី បានក្រើនរំលឹកដល់ក្រសួងស្ថាប័នទាំងអស់ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការគន្លឹះដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងសូមគិតគូររៀបចំនូវសកម្មភាពគាំទ្រនានាបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យបងប្អូនជា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន នូវការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងការជួយគាំពារនិងគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានប្រកបអាជីវកម្ម និងមុខរបរនានា។
សូមបញ្ជាក់ថា ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និង ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និង ពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យ កាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕