ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីការពារជាតិប្រេស៊ីល ត្រូវបានចាប់ខ្លួន ពីបទជាប់ទាក់ទងនឹងផែនការធ្វើរដ្ឋប្រហារ

RT News

បរទេស៖ អតីតរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Walter Braga Netto ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានចោទប្រកាន់ ពីបទជ្រៀតជ្រែកក្នុងការស៊ើបអង្កេតលើ ផែនការធ្វើរដ្ឋប្រហារយោធា ដែលលោកត្រូវបានចោទប្រកាន់ពីបទរៀបចំ និងផ្តល់ហិរញ្ញប្បទាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី ការចោទប្រកាន់ដែលភ្ជាប់ឧត្តមសេនីយ៍ចូលនិវត្តន៍ ទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលុប ចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២ របស់ប្រទេសប្រេស៊ីលដែលត្រូវបានឈ្នះ យ៉ាងចង្អៀតដោយប្រធានាធិបតី Luiz Inacio Lula da Silva ។

លោក Braga Netto បានបម្រើការជាប្រធានបុគ្គលិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Jair Bolsonaro ហើយក៏ជាមិត្តរួមដំណែងរបស់គាត់ផងដែរ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឡើងវិញ ដែលមិនជោគជ័យរបស់ Bolsonaro ប្រឆាំងនឹងលោក Lula ។

លោក Braga Netto បានបដិសេធជាបន្តបន្ទាប់ចំពោះ ការជាប់ពាក់ព័ន្ធក្នុងការសមគំនិត ដែលបានចោទប្រកាន់នេះ។ ក្រុមអ្នកច្បាប់របស់លោក បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេមានគម្រោងបង្ហាញថា កូនក្តីរបស់ពួកគេមិនបានព្យាយាម រារាំងការស៊ើបអង្កេត ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Reuters នោះទេ ។

ការចោទប្រកាន់ប្រឆាំងនឹងលោក Braga Netto បានកើតឡើងកាលពីខែមុន នៅពេលដែលប៉ូលីសសហព័ន្ធ បានចោទប្រកាន់លោក រួមជាមួយនឹងលោក Bolsonaro , ជំនួយការជាន់ខ្ពស់ និងអតីតមេដឹកនាំយោធា ពីបទសមគំនិតដើម្បីរារាំង លោក Lula ពីការចូលកាន់តំណែង។ សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសបានស្នើថា ក្រុមនេះថែមទាំងបានពិចារណានូវ គម្រោងធ្វើឃាតប្រធានាធិបតីបច្ចុប្បន្នភ្លាមៗ បន្ទាប់ពីការបោះឆ្នោតរបស់គាត់ផងដែរ។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មានភស្តុតាងថ្មីដែលបង្ហាញថា លោក Braga Netto បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងផែនការរដ្ឋប្រហារដែលត្រូវបាន ចោទប្រកាន់ជាងការយល់ឃើញពីមុន ដែលជំរុញឱ្យចៅក្រមតុលាការកំពូល Alexandre de Moraes ចេញដីកាចាប់ខ្លួន។ ក្រុមអ្នកស៊ើបអង្កេតបានអះអាងថា អតីតរដ្ឋមន្ត្រីរូបនេះក៏បានព្យាយាមជ្រៀតជ្រែក ក្នុងការស៊ើបអង្កេតរបស់ប៉ូលីសដោយស្វែងរក ព័ត៌មានអំពីសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយ Mauro Cid ដែលជាជំនួយការរបស់ លោក Bolsonaro ដែលកំពុងសហការជាមួយអាជ្ញាធរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top