ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nissan និង Honda ប្រកាសថា នឹងរួមដៃគ្នានៅក្នុងវិស័យឧស្សាហកម្ម យានយន្តរបស់ជប៉ុន

Kyodo

ញូវយ៉ក៖ ក្រុមហ៊ុន Nissan និង Honda បានប្រកាសអំពីផែនការរួមគ្នានៅឆ្នាំ២០២៦ ក្នុងការផ្លាស់ប្តូរមួយដែលធ្វើឲ្យកក្រើក សម្រាប់វិស័យឧស្សាហកម្មយានយន្ត របស់ប្រទេសជប៉ុន បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ដែលអនុញ្ញាតឱ្យពួកគេ បន្តការពិភាក្សាអំពីការធ្វើសមាហរណកម្ម តាមរយៈក្រុមហ៊ុនកាន់កាប់រួមគ្នា ។ សារព័ត៌មាន USA Today បានដកស្រង់សេចក្តីប្រកាសរបស់ ក្រុមហ៊ុនដែលបានដាក់ដូច្នេះកាលពីថ្ងៃចន្ទ ។

ប្រសិនបើ ក្រុមហ៊ុន Nissan និង Honda ធ្វើសមាហរណកម្ម ពួកគេអាចក្លាយជាក្រុមហ៊ុនផលិត រថយន្តធំជាងគេទី៣ នៅលើពិភពលោក ដោយបន្ថែមថា ក្រុមហ៊ុន Mitsubishi Motors ដែលក្រុមហ៊ុនNissan បានកាន់កាប់ភាគហ៊ុនចំនួន២៤ភាគរយនោះនឹងប្រកាស ថាតើ ក្រុមហ៊ុននឹងចូលរួមក្នុងការរួមបញ្ចូលគ្នានេះដែរ ឬទេនៅចុងខែមករាខាងមុខ ។

លោក Toshihiro Mibe នាយកប្រតិបត្តិក្រុមហ៊ុន Honda បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ដោយលើកឡើងពីនិន្នាការបច្ចេកវិទ្យា នៃការប្រើប្រាស់ថាមពលអគ្គិសនី និងការបើកបរដោយស្វ័យភាពថា “ការកើនឡើងនៃក្រុមហ៊ុនផលិតរថយន្ត របស់ប្រទេសចិន និងក្រុមហ៊ុនថ្មីៗបានផ្លាស់ប្តូរឧស្សាហកម្មយានយន្តយ៉ាងច្រើន” ។ យើងត្រូវតែបង្កើនសមត្ថភាព ដើម្បីប្រជែងជាមួយពួកគេនៅឆ្នាំ២០៣០ បើមិនដូច្នេះទេយើងនឹងត្រូវគេធ្វើឲ្យដួលមិនខាន” ។

នៅគ្រាដែលការដាក់បញ្ចូលគ្នាត្រូវបានបញ្ចប់ ក្រុមហ៊ុន Honda និង Nissan មានបំណងលក់រួមគ្នា ដែលមានទឹកប្រាក់ចំនួន ១៩១ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ លោក Jessica Caldwell ប្រធានផ្នែកការយល់ដឹងសម្រាប់ ការស្រាវជ្រាវរថយន្ត និងក្រុមហ៊ុនព័ត៌មាន Edmunds បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការរួមបញ្ចូលគ្នានេះគឺសមហេតុផលណាស់ ។

លោក Caldwell បានបញ្ជាក់ថា “ការរួមបញ្ចូលគ្នានឹងជាយុទ្ធសាស្ត្ររយៈពេលវែង មិនមែនជាដំណោះស្រាយចំពោះបញ្ហាប្រឈមរយៈពេលខ្លី ណាមួយដែលក្រុមហ៊ុនណាមួយ កំពុងជួបប្រទះនោះឡើយ” ។ “ទាំងក្រុមហ៊ុន Nissan និង Honda កំពុងកំណត់ទីតាំងខ្លួនឯងសម្រាប់អនាគត ដែលនឹងត្រូវបានកំណត់ដោយថាមពលអគ្គិសនី និងបច្ចេកវិទ្យាស្វយ័ត ដែលជាការអភិវឌ្ឍន៍ដែលមានតម្លៃថ្លៃខ្លាំង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top