ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ បានចេញបញ្ជាជាបន្ទាន់ ឲ្យតាមរករថយន្តបំពាក់ ផ្លាកលេខខេមរភូមិន្ទ(ខ.ម) ហើយបើកភ្លើងសារ៉ែន នាំផ្លូវក្បួនរថយន្តរបស់ស្រ្តីរូបស្រស់ ជាអ្នកលក់អនឡាញ ទៅញាំការគេកាលពីពេលថ្មីៗនេះ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់និងវែកញែកជាខ្លាំង ទៅលើករណីនារី ស្អាតជាអ្នកលក់ អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេង បំពាក់ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងសារ៉ែននាំផ្លូវទៅស៊ីការ គេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ។
លោកនាយឧត្តមសេនីយ៍ សៅ សុខាបានមានប្រសាសន៍ តាមបណ្តាញតេឡេក្រាមនាថ្ងៃ១០ មករា នេះដោយបានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា ត្រូវតែរកឲ្យឃើញនូវរថយន្តខាងលើនេះឲ្យខានតែបាន មិនថានៅអង្គភាព ណានោះទេ ហើយមានខ្សែធំណាសួរ អ្នកបញ្ជាចាប់រថយន្តបំពាក់ ផ្លាកលេខខេមរភូមិន្ទនេះ ត្រូវប្រាប់ឲ្យមករកលោកមក ។
លោកអះអាងថា គ្មានប្រវត្តិណាដែលយករថយន្ត បំពាក់ផ្លាកលេខខេមរភូមិន្ទ ទៅបើកនាំក្បួនអ្នករកស៊ីលក់នោះទេ ។
លោកគូសបញ្ជាក់ថា “អាហ្នឹងឆែកមើលជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ តើលេខហ្នឹងបំពាក់ឲ្យ រថយន្តរបស់អង្គភាពណា ឬមួយវាក្លែងក្លាយ អាហ្នឹងតាមរកឡានហ្នឹងតែម្តង របស់អ្នកណាក៏ ដោយចាប់យកមកទុកម្តុំ ។ អត់ទាន់ដោះស្រាយទេ យកមកទុកសិន យកផ្លាកលេខ កងទ័ពយកមកប្រើចឹង ខូចឈ្មោះកងទ័ពអស់ហើយ វាទៅដើរអូសតាំងពួកផ្សព្វផ្សាយឡេចឹង ងាប់ហើយកងទ័ពអស់តម្លៃហើយរាល់ថ្ងៃនេះ ។ អ្នកណាក៏ដោយ ផ្កាយណាក៏ដោយយកមកទុកសិន ប្រាប់ថា ខ្ញុំជាអ្នកឲ្យចាប់ ធ្វើទៅតាមច្បាប់ និយាយប៉ុន្នឹងទៅ” ។
លោកបន្តថា បើអ្នកធំណាចេញមុខអន្តរាគមន៍រឿងនេះ ប្រាប់គេឲ្យមកជួបលោកផ្ទាល់មក ៕