ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ បានលើកឡើង ជាមតិទៅកាន់លោក ហេង សិទ្ធី ដែលបានដើរចោទថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នរដ្ឋមួយចំនួន និង ក្រុមអ្នកឧកញ៉ាគួរមកជួបដៃគូ នៃពាក្យបណ្តឹង ដែលលោកបានដាក់ ដើម្បីដោះស្រាយបញ្ចប់រឿង ជៀសវាងការនាំឲ្យកម្ពុជា ខូចឈ្មោះ ។
បើតាមលោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១០មករា ថា បច្ចុប្បន្នអតីតអ្នកឧកញ៉ា ហេង សិទ្ធីរូបនេះកំពុងស្ថិតនៅបរទេស ដើម្បីគេចចេញពីសំណាកច្បាប់កម្ពុជា ក្រោយពីលោកបានបរិហារកេរ្តិ៍ និងចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មកថ្នាក់នាំក្រសួងមួយចំនួន និងក្រុមអ្នកឧកញ៉ា។
អ្នកពាក្យរងរូបនេះបន្តថា ទោះបីជាលោក ហេង សិទ្ធីនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែបុគ្គលរូបនេះ តែដើរបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិថា កម្ពុជាកន្លែងឧក្រិដ្ឋនៃការជួញដូរមនុស្ស និងការឆបោកតាមអ៊ីនធើណេតជាដើម ។ ចំពោះការចោទប្រកាន់របស់លោក ហេង សិទ្ធីដែលថា កម្ពុជាជាទីកន្លែងឧក្រិដ្ឋ ឆបោកឆ្លងប្រទេសជាដើមនេះ គឺមិនអាចទទួលយកបានទេ
ចំណុចទាំងអស់នេះហើយ ក្នុងនាមជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោកស្នើបុគ្គល ហេង សិទ្ធី គួរតែមកជួបជាមួយក្រុមឧកញ៉ា ដែលលោកបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយ នៃការជួញដូរមនុស្សអ្វីនោះ បន្ទាប់ពីក្រុមឧកញ៉ាណាត់ជួប នៅប្រទេសណាមួយ ដើម្បីសុវត្ថិភាពរៀងៗខ្លួន ដោយគ្មានអ្វីមកពាក់ព័ន្ធជាមួយក្រសួងមហាផ្ទៃទេ បើទោះបីជាលោក ហេង សិទ្ធី បានចោទប្រកាន់ មកលើលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោកមានប្រសាសន៍ថា “យើងរង់ចាំមើលមើលថា តើគាត់មកជួបក្រុមអ្នកឧកញ៉ា ដែលអន្ទងឲ្យគាត់មកជួប នៅឯប្រទេសមួយ ដែលគិតថា មានសុវត្ថិភាពទាំងអស់គ្នានុង បែបណាបែបណីយើងរង់ចាំមើលទាំងអស់គ្នាតទៅ ។ ជាទស្សនៈខ្ញុំទេ បើសិនបែបណាបែបណីនោះ គួរជួបគ្នាដោះស្រាយគ្នា ទាំងតាមផ្លូវច្បាប់ក្តី ឬក៏ទាំងតាមផ្លូវក្រៅតុលាការក្តីដើម្បីបញ្ចប់រឿង ឬក៏រកកន្លែងមួយចុះចតឲ្យសមស្របដើម្បីកុំឲ្យវាប្រេះឆាគ្នា ហើយណាមួយ គឺកុំឲ្យវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជាយើង គឺគាត់បានទៅវាយប្រហារ ពីខាងក្រៅមកគឺ ធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះកម្ពុជា យើងធ្ងន់ណាស់” ។
លោកបន្តថា ចំពោះបទល្មើសឆបោកតាមអនឡាញ ក្រសួងមហាផ្ទៃ បានអនុវត្តតាមបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយបានបង្ក្រាបជាបន្តបន្ទាប់ ៕