ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើនដល់១០នាក់ ក្នុងគ្រោះធម្មជាតិភ្លើងឆេះព្រៃនៅ Los Angeles ខណៈក្រុមមន្ត្រីព្រមានថា ចំនួនអ្នកស្លាប់អាច នឹងកើនឡើងថែមទៀត

xinhua

បរទេស ៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃដ៏ធំ ដែលបានលេបត្របាក់ទីក្រុង Los Angeles។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកទទួលបន្ទុកការស្លាប់នៅ Los Angeles County កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានប្រកាសអំពីចំនួនអ្នកស្លាប់ថ្មី ដែលបានកើនឡើងទ្វេដងពីរបាយការណ៍មុននេះ។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអាចនឹងកើនឡើង នៅពេលដែលភ្លើងត្រូវបានគ្រប់គ្រង ហើយក្រុមការងារអាចរុះរើ តាមគំនរបាក់បែក។

ប្រតិបត្តិការពន្លត់អគ្គិភ័យ បានបន្តរហូតដល់ពេលយប់ ដោយឧទ្ធម្ភាគចក្របានទម្លាក់ទឹក ដោយបានទាញយកប្រយោជន៍ពីខ្យល់បោកបក់។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់សេតវិមាន នៅរសៀលថ្ងៃព្រហស្បតិ៍ថា ធនធានសហព័ន្ធ និងថវិកាបន្ថែមត្រូវបានផ្តល់ ជូនដល់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលលោកបានពិពណ៌នាថាជា “ភ្លើងឆេះដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅ Los Angeles” ។

កលោក Joe Biden បាននិយាយថា ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីរ៉ាប់រងការចំណាយទាំងអស់សម្រាប់រយៈពេល ១៨០ ថ្ងៃសម្រាប់កន្លែងស្នាក់នៅ បណ្តោះអាសន្ន ការដកសម្ភារៈគ្រោះថ្នាក់ ប្រាក់ខែអ្នកឆ្លើយតបដំបូង និងវិធានការដើម្បីការពារអាយុជីវិត។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris អតីតសមាជិកព្រឹទ្ធសភាអាមេរិក ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក៏បាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មានផងដែរ ។ លោកស្រី Harris បានពណ៌នាអំពីស្ថានភាព នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាថាជា “មហាវិនាស” និង “អ្វីមួយដែល នឹងមានឥទ្ធិពលសម្រាប់ខែ និងឆ្នាំខាងមុខ”ទៀត ៕
ប្រែសម្រួលៈ ណៃ តុលា

To Top