ព័ត៌មានជាតិ

អ្នកតាមដាន កិច្ចការសង្គម ៖ ស្រ្តីលក់ឡេមានរថយន្តស៊ីរ៉ែន បើកនាំផ្លូវទៅញាំការគេ គួរតែជាករណីចុងក្រោយ

ភ្នំពេញ ៖ លោក ឈត ប៊ុនថង អ្នកតាមកិច្ចការ សង្គមបានលើកឡើងថា ករណីស្រ្តីលក់ឡេ ដែលបានឲ្យក្បួន រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ(ខ.ម)បើកភ្លើងស៊ីរ៉ែននាំផ្លូវទៅញាំការគេកាលពីថ្មីនេះ គួរតែជាករណីចុងក្រោយ ហើយកុំឲ្យមានអ្នកណាយកធ្វើជាគំរូតាមទៀត ។

អ្នកតាមកិច្ចការសង្គមរូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ មករា ថា លោកសាទរនិងគាំទ្រ ចំពោះចំណាត់ការ របស់កងរាជអាវុធលើផ្ទៃប្រទេសដែលបានស្រាវជ្រាវ រហូតបានកំណត់មុខសញ្ញា និងឈានដល់រកទៅដល់ទីតាំង លំនៅឋានរបស់បុគ្គល ដែលពាក់ព័ន្ធនឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ ហើយបានកោះអញ្ជើញបុគ្គលពាក់ព័ន្ធមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបំភ្លឺ និងការដាក់ទណ្ឌកម្មពិន័យតាមកងទ័ព ចំពោះអ្នកបើកឡាន បំពាក់ផ្លាកលេខខ.មបើកភ្លើងស៊ីរ៉ែននាំផ្លូវ។

ប៉ុន្តែលោកថា គួរតែធ្វើការអប់រំនិងដាក់ពិន័យពួកគាត់ឲ្យបានម៉ឺងម៉ាត់បំផុត និងធ្វើកិច្ចសន្យាថា នឹងឈប់បង្កបញ្ហាបែបនេះទៀត ។

លោក ឈត ប៊ុនថង បន្ថែមថា “ក្រៅពីហ្នឹង ករណីនេះ គួរតែជាករណីចុងក្រោយកុំឲ្យមានទៀត ជាសារមួយជូនទៅដល់កងកម្លាំង កងទ័ពដទៃទៀត ដែលមានសិទ្ធិប្រើឡានស៊ីរ៉ែនហ្នឹងកុំ ឲ្យយកទៅប្រើខុសគោលដៅ ខុសគោលការណ៍ច្បាប់តទៅទៀត”។

ចំណែកស្រ្តីជាអ្នកលក់ឡេវិញនោះ លោកថា កងកម្លាំងអាវុធក៏គួរតែដាក់កំហិត កុំឲ្យធ្វើសកម្មភាពបែបនេះបន្តទៅទៀតព្រោះជាគំរូមិនល្អនោះទេ ហើយលោកផ្តាំទៅស្រ្តីរូបនោះថា កុំអាងតែសម្បូរណ៍ទ្រព្យធនហូរហៀរតែចេះដើរធ្វើសកម្មភាព មិនសមរម្យនាំឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ៦ មករា មកនេះ ក្រោយមានការបង្ហោះ នូវវិដេអូ ពីករណីនារីស្អាត ជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្ត ផ្សេងបំពាក់ ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងស៊ីរ៉ែននាំផ្លូវ ទៅស៊ីការគេចែកចាយពេញ បណ្តាញសង្គមហ្វេសប៊ុក បានទទួលការរិះគន់និងវែកញែក ជាខ្លាំងហើយក៏នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងលំនៅឋាន របស់បុគ្គលដែលពាក់ព័ន្ធ នឹងរថយន្តស៊ីរ៉ែនអូសក្បួននោះ៕

To Top