ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការ ចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅក្នុងគោលដៅ ពង្រីកវិសាលភាពនៃការគ្របដណ្តប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ សំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិ សន្តិសុខសង្គម។
តាមរយៈសេចក្តីជូនដំណឹងស្តីពីការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្ដិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ប.ស.ស. បានជូនដំណឹងដល់លោក/លោកស្រី ជាម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាង ទាំងអស់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។
ករណី ប.ស.ស. រកឃើញថាម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង មិនអនុវត្តកាតព្វកិច្ចបង់ភាគទាន តាមកាលកំណត់ ឬប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវ ឬមិនអនុវត្តកាតព្វកិច្ចរាយការណ៍អំពី ចំនួនកម្មករនិយោជិតឱ្យបានត្រឹមត្រូវ ឬការដកយកភាគទានមិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបប សន្តិសុខសង្គម ប.ស.ស. នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង ទាំងអស់ចូលរួមសហការ និងត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕