បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការលើកឡើងកាលពីថ្ងៃចន្ទបែបជាពាក្យរិះគន់ និងវាយប្រហារចំៗថា ប្រទេសអ៊ុយក្រែនកំពុងបន្តជាមួយនឹងគោលនយោបាយរបស់ខ្លួន នៃការធ្វើសកម្មភាពភេរវកម្មទៅលើវិស័យថាមពល។
មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានទាក់ទងដើម្បីសុំការអត្ថាធិប្បាយ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជុំវិញការប៉ុនប៉ងវាយប្រហារលើស្ថានីយ៍បង្ហាប់ឧស្ម័ន Russkaya នៅជិតភូមិ Gaikodzor ក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ីដែលត្រូវបានរាយការណ៍ដោយយោធារុស្ស៊ីនៅមុនថ្ងៃ។
ទីតាំងនេះមានសារៈសំខាន់សម្រាប់ប្រតិបត្តិការនៃបំពង់បង្ហូរប្រេង TurkStream ដែលបញ្ជូនឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសតួគី ហើយដំណើរការនៅក្រោមសមុទ្រខ្មៅ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួននៅអឺរ៉ុបភាគខាងត្បូង ដើម្បីផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីផងដែរ។
លោក Peskov បានពោលបែបនេះថា៖ទីក្រុងគៀវកំពុង ដើរតាមបន្ទាត់នៃភេរវកម្មថាមពល។ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានីយ៍ម៉ាស៊ីនបង្ហាប់បានរងការវាយប្រហារពេញមួយយប់នៅក្នុងការវាយប្រហារចុងក្រោយនេះ។
គួរឱ្យដឹងថា ការប៉ុនប៉ងធ្វើការវាយប្រហារនេះពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក kamikaze ចំនួន៩គ្រឿងប៉ុន្តែត្រូវបានរារាំងបានយ៉ាងជោគជ័យ៕
ប្រែសម្រួល៖ ស៊ុនលី