ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ជំងឺគ្រុនឈាមថយចុះ បានមកពីខិតខំប្រឹងប្រែងរួមគ្នា​ បាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ បានល្អប្រសើរ

ភ្នំពេញ៖​ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% ការណ៍នេះបានមកពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០(ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) ចំនួន២៥នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ពោលគឺមុនពេលចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស លោកឃួង ស្រេង បានលើកឡើង នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឱ្យមានហានិភ័យ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បាននគូសបញ្ជាក់ថា ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួន បាននិងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះ ជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះ​ នឹងប្រើប្រាស់រថយន្តរបស់កងកម្លាំង កងពលតូចលេខ៧០(ង៧០) បាញ់សម្លាប់មូសខ្លា ជាទ្រុងទ្រាយធំ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។

ក្នុងនោះលោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជាមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តតាមដាន មើលពីសុខមាលភាពរប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។

ជាមួយគ្នានេះដែរ លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំកងពលតូចលេខ៧០ (ង៧០) ​សហការជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ចំនួន៧ខណ្ឌមាន ខណ្ឌមានជ័យ, ខណ្ឌសែន សុខ, ខណ្ឌពោធិ សែនជ័យ,ខណ្ឌឬស្សីកែវ,ខណ្ឌទួលគោក, ខណ្ឌបឹងកេងកងនិងខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ដើម្បីជាការឆ្លើយតប ក៏ដូចជាការអរគុណ​ ចំពោះបងប្អូនបងកងពលតូចលេខ៧០(ង៧០) លោក ឃួង ស្រេង បាននាំយកនូវអំណោយ​ របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនបងប្អូនកងពលតូចលេខ៧០ (ង៧០) ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេះ ទឹកបរិសុទ្ធ៣កេស និងថវិកាចំនួន ២០ម៉ឺនរៀល៕

To Top