បរទេស៖ គយចិនបានបញ្ជា ឱ្យត្រួតពិនិត្យយ៉ាងតឹងរឹង នូវលទ្ធផលធ្វើតេស្តមន្ទីរពិសោធន៍ សម្រាប់សារធាតុ Basic Yellow 2 ដែលជាសារធាតុបង្កមហារីក លើផ្លែឈើ ដែលបង្កបញ្ហាដល់ ការនាំចេញទុរេនថៃ ទៅកាន់ប្រទេសចិន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពពីក្រសួងកសិកម្ម និងសហករណ៍ របស់ប្រទេសថៃបានប្រាប់កាសែត Thansettakij កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំង ប្រទេសចិនត្រូវបានគេប្រាប់ ឱ្យបដិសេធការនាំចេញទុរេនថៃដែលខ្វះលទ្ធផលមន្ទីរពិសោធន៍ដែលគេត្រូវការ ។
ប្រភពដដែលបន្តថា ការដឹកជញ្ជូនមួយចំនួនទៅព្រលាន យន្តហោះអន្តរជាតិ Nanning Wuxu ត្រូវបានបដិសេធ។
កាសែត The Nation របស់ថៃ រាយការណ៍ថា សារធាតុ Basic Yellow 2 ដែលជាសារធាតុសរីរាង្គពណ៌លឿង ដែលប្រើជាទូទៅក្នុងក្រណាត់ ក្រដាស ស្បែកសត្វ និងថ្នាំលាបផ្ទះ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុម 2B ដោយអង្គការសុខភាពពិភពលោក។
ចំណាត់ថ្នាក់ 2B គឺសម្រាប់សារធាតុ សារពាង្គកាយ និងភ្នាក់ងារ ដែលអាចបង្កមហារីកដល់មនុស្ស , នេះបើយោងតាមទីភ្នាក់ងារ អន្តរជាតិសម្រាប់ការស្រាវជ្រាវ ជំងឺមហារីក ។
គយចិនកាលពីមុនបានលើកឡើងពីការព្រួយបារម្ភអំពីការចម្លងរោគនៃសារធាតុ cadmium ក្នុងផ្លែទុរេននាំចេញពីប្រទេសថៃកាលពីខែតុលាឆ្នាំមុន ដែលនាំទៅដល់ការផ្អាកការនាំចេញពីផ្ទះវេចខ្ចប់ និងចំការមួយចំនួន។
ការស៊ើបអង្កេតដែលធ្វើឡើងដោយក្រសួងកសិកម្មថៃ នៅពេលនោះបានរកឃើញថា លទ្ធផលនៃការធ្វើតេស្តគឺ ស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព របស់ប្រទេសចិន ហើយប្រភពបាននិយាយថា ផ្លែឈើ ដែលមានមេរោគទំនងជាមកពីប្រទេសផ្សេង៕
ប្រែសម្រួលៈ ណៃ តុលា