បរទេស៖ ប្រភពពីតុលាការបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការក្រុងសេអ៊ូល គ្រោងនឹងពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol តាមការស្នើសុំរបស់មេធាវីរបស់លោក បន្ទាប់ពីអ្នកស៊ើបអង្កេតបាននាំខ្លួនលោក Yoon Suk Yeol ទៅឃុំឃាំងជុំវិញការដាក់ចេញរយៈពេលខ្លីនៃច្បាប់អាជ្ញាសឹករបស់លោក។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកតំណាងផ្នែកច្បាប់របស់លោក Yoon Suk Yeol បានដាក់ពាក្យស្នើសុំការពិនិត្យឡើងវិញជាមួយតុលាការនៅភាគខាងត្បូងទីក្រុងសេអ៊ូល បន្ទាប់ពីអ្នកស៊ើបអង្កេតបានឃុំខ្លួនលោកសម្រាប់ការសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា រយៈពេលនៃការឃុំខ្លួនលោក Yoon រយៈពេល ៤៨ម៉ោង ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈដែលតុលាការបើកប្រជុំពិនិត្យភាពស្របច្បាប់នៃការឃុំខ្លួនលោក។ តុលាការគ្រោងនឹងបើកប្រជុំដើម្បីពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនលោក Yoon នៅម៉ោង ៥ ល្ងាច។
វាមានរយៈពេល ៤៨ ម៉ោងចាប់តាំងពីបានទទួលសំណើដើម្បីធ្វើការសម្រេចចិត្តដោយការសាកសួរជនសង្ស័យ និងពិចារណាលើភស្តុតាងដែលបង្ហាញដោយអ្នកស៊ើបអង្កេត។ ប្រសិនបើរកឃើញថាការឃុំខ្លួនលោក Yoon ខុសច្បាប់ នោះលោកនឹងត្រូវដោះលែងពីមន្ទីរឃុំឃាំង។
ក្រុមអ្នកស៊ើបអង្កេតដែលដឹកនាំដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋបានសាកសួរ Yoon អស់រយៈពេល ១០ម៉ោងកាលពីថ្ងៃពុធ មុនពេលលោកចំណាយពេលមួយយប់នៅមជ្ឈមណ្ឌលឃុំឃាំង។ ពួកគេនឹងបន្តសាកសួរគាត់នៅម៉ោង ២ រសៀលបន្តទៀត៕
ប្រែសម្រួលៈ ណៃ តុលា