ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ ។
ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបាន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ក្រោមបរិយាកាសរីករាយ ជិតស្និទ្ធ បើកចំហរ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ីយ៉ាងកក់ក្តៅជាទីបំផុត។
លោកបណ្ឌិតបានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃនីតិកាលទី៧ របស់រដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា អ្នកវិនិយោគម៉ាឡេស៊ីបានមកបណ្តាក់ទុនមុនគេនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គំាពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅ ម៉ាឡេស៊ី បានយ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។
សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបណ្ឌិត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។
លោកបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។ ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភាលោកបណ្ឌិតបានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកម្ពុជា ហើយបញ្ហាអាហារូបករណ៍ក៏ដូច្នេះដែរ។ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា អ្នកវិនិយោគម៉ាឡេស៊ីដែលកំពុងបណ្តាន់ទុននៅកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយនិងកក់ក្តៅ ជាទីបំផុត ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាកម្ពុជា។
ក្នុងនាមជាប្រធានអាយប៉ាលើកទី៤៦ ឯកលោកបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី បានជូនលិខិតអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០២៥នេះ។
លោកបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភាកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា ហើយថាវត្តមានគណៈប្រតិភូសភាកម្ពុជាជាកិត្តិយសធំធេង របស់ម៉ាឡេស៊ី។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពិសេសជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្ដរសភាអាស៊ាន(AIPA)លើកទី៤៦។
សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ា ដោយមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី នឹងសម្រេចបានជោគជ័យ និងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពីមហាសន្និបាតអន្តរសភាអាស៊ាននេះ។
សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់រដ្ឋសភាម៉ាឡេស៊ី នូវការគំាទ្រ ក្នុងការដាក់បញ្ចូលសេចក្តីព្រាងសេចក្តីសម្រេចមួយស្ដីពីសន្តិភាពសកល ដែលសភាកម្ពុជាផ្តួចផ្តើម ទៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ។
ជាមួយគ្នានោះដែរសម្តេចបានលើកឡើងថា សភាកម្ពុជា ទើបតែបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំប្រឆ្នាំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ហើយបានសម្រេចនូវសេចក្តីប្រកាសភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍និងប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាពជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោក គ្មានប្រទេសណាមួយមិនត្រូវការសន្តិភាពនោះឡើយ។ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុលបានទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា ដោយបានវាយតម្លៃ និងគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះពលិកម្មនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសន្តិភាព ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមបាននាំមកនូវផលប្រយោជន៍ដល់កម្ពុជានិងម៉ាឡេស៊ីប៉ុណ្ណោះទេ តែបាននាំមកនូវសុខសន្តិភាព វិបុលភាព ដល់មនុស្សជាតិទំាងមូលក្នុងសកលលោក ពិសេសនៅក្នុងសហគមន៍អាស៊ានតែម្តង៕