ព័ត៌មានជាតិ

ជម្លោះពាក្យសំដី ជនសង្ស័យម្នាក់ យកកាំបិតចាក់ពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម

ស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានយកកាំបិត ចាក់ធ្លាយពោះបុរសម្នាក់ស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។

បើតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ហេតុការណ៍ឃាតកម្មនេះ បង្កដោយជនសង្ស័យឈ្មោះ រ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានផឹកស្រាស្រវឹង កាន់កាំបិតស្នៀត និងដាវ ដើរទៅចាក់ជនរងគ្រោះឈ្មោះរស់ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះ និងមួយកាំបិតទៀត ត្រូវចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលអោយ រងរបួសធ្ងន់ បន្ទាប់មកបងប្អូនបានបញ្ជូន ជនរងគ្រោះទៅមន្ទីពេទ្យ ពេលដល់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់ ។ 

លោកបានបន្តថា ក្រោយពេលទទួល ព័ត៌មានបានភ្លាម លោកបានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ព្រមទាំងលោក ហែម សារិទ្ធ អភិបាលស្រុក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវទើបដឹងថា ជនសង្ស័យពេលប្រព្រឹត្តបទល្មើសរួច ហើយបានរត់គេចខ្លួន ចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន បន្ទាប់មកសមត្ថកិច្ចបានធ្វើព័ទ្ធចាប់ ប៉ុន្តែពេលនោះជនសង្ស័យមានវត្ថុតាងកាន់ជាប់ និងដៃហើយក៏បានវាយផ្ទះបងប្អូនរបស់ខ្លួនបែកកញ្ចក់បង្អួច ទ្វារផ្ទះ និងសម្ភារប្រើប្រាស់ខូចខាតអស់មួយចំនួនទៀត ពេលសមត្ថកិច្ចព័ទ្ធចាប់ខ្លួននោះ ជនសង្ស័យ បានកាន់វត្ថុតាងកាំបិត ដាវនិងពូថៅ តបត រហូតដល់ម៉ោង២៣​ និង០០នាទីយប់ ទើបសមត្ថកិច្ចចូលអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន ភ្លាមនោះមានបងប្អូនជនរងគ្រោះ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលមកវាយត្រូវជនសង្ស័យ បណ្តាលឲ្យមានរបួសស្នាម។
 
លោកបញ្ជាក់ថា មូលហេតុជនសង្ស័យធ្លាប់មានរឿង ឈ្លោះគ្នាជាច្រើន លើកជាមួយជនរងគ្រោះ ។
លោកវរសេនីយ៍ឯក សោម សុភណ្ឌ័ បានបន្តថា នៅពេលឃាត់ខ្លួនសង្ស័យ បានហើយលោកបាន រាយការណ៍ជូនលោក ឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

To Top