ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី បើកកិច្ចពិភាក្សា ស្តីអំពីបញ្ហាហ្គាស ជាមួយនឹងប្រទេស អ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយថា លោកអាចនឹងជួប ជាមួយមេដឹកនាំ អ៊ុយក្រែន លោក Vladimir Zelensky នៅក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាសំខាន់ៗជុំវិញ ការផ្ទេរថាមពលរបស់រុស្ស៊ីផងដែរ ។

រដ្ឋាភិបាលទីក្រុងគៀវ បានបញ្ចប់ការដឹកជញ្ជូនហ្គាសធម្មជាតិរបស់រុស្ស៊ីតាមរយៈទឹកដី របស់ខ្លួនទៅកាន់សហភាពអឺរ៉ុប នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤មកម្ល៉េះ ដោយបានកាត់ផ្តាច់លំហូរ ទៅកាន់ប្រទេសមួយចំនួនក្នុងប្លុកនេះ ប្រកបដោយប្រសិទ្ធភាព រួមទាំងអូទ្រីស អ៊ីតាលី និងស្លូវ៉ាគីផងដែរ។ អ៊ុយក្រែន​បាន​បដិសេធ​មិន​បន្ត​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​បង្ក​ឱ្យ​មាន​ការ​បែកបាក់​គ្នា​ក្នុងសមាជិកប្លុកអឺរ៉ុបនានា ។

លោកFico បានព្រមានកាលពីសប្តាហ៍មុនថា ប្រសិនបើការឆ្លង កាត់មិនដំណើរការឡើងវិញទេ គាត់នឹងវេតូគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប លើការជួយអ៊ុយក្រែន ហើយនឹង ចាត់វិធានការបុគ្គលប្រឆាំងនឹងទីក្រុងគៀវផងដែរ ខណៈដែរលោកZelensky នៅតែបន្តអះអាងថា ទីក្រុងគៀវធ្វើបែបនេះក្នុងគោល បំណងលុបបំបាត់ប្រាក់ចំណេញ របស់ទីក្រុងមូស្គូប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ចន្ទលោក Fico បាន​ចេញ​លិខិត​ចំហ​មួយ​ផ្ញើ​ទៅកាន់លោក Zelensky នៅ​លើ Facebook ដោយ​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះត្រូវបានរៀបចំឡើង។

ក្នុង​លិខិត​នោះ នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី​បាន​ស្នើ​ថា កិច្ចប្រជុំ​អាច​នឹង​ធ្វើ​ឡើង ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្លូវ៉ាគី ក្បែរ​ព្រំដែន​ខ្លួន​ជាមួយ​អ៊ុយក្រែនហើយលោកបាន និយាយថា ការសម្រេចចិត្តរបស់ទីក្រុងគៀវ ក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន បានបង្កការខូចខាតយ៉ាងច្រើនមិនត្រឹមតែដល់ប្រទេសស្លូវ៉ាគីប៉ុណ្ណោះទេ ថែមទាំងដល់រដ្ឋសហភាពអឺរ៉ុបផ្សេងទៀត និងចំពោះអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top