ព័ត៌មានអន្តរជាតិ

តុលាការក្រុងសេអ៊ូល ច្រានចោលសំណើ ដើម្បីពិនិត្យមើលភាពស្របច្បាប់ លើដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk-yeol

xinhua

បរទេស ៖ តុលាការក្រុងសេអ៊ូល បានច្រានចោលសំណើ ដើម្បីពិនិត្យមើលភាពស្របច្បាប់ លើដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk-yeol ដោយតុលាការ គឺបានអនុញ្ញាតឱ្យការសួរចម្លើយរបស់លោក Yoon Suk-yeol បន្តទៀត។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានដាក់ញត្តិទៅតុលាការក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែមករា ដើម្បីពិនិត្យឡើងវិញ នូវភាពស្របច្បាប់ នៃការស៊ើបអង្កេតដោយការិយាល័យ ស៊ើបអង្កេតអំពើពុករលួយប្រឆាំង នឹងមន្ត្រីជាន់ខ្ពស់ (CIO) ទៅលើរូបលោក Yoon Suk-yeol លើការចោទប្រកាន់ពីបទបះបោរ ទាក់ទងនឹងការប្រកាសច្បាប់ អាជ្ញាសឹកនៅដើមខែធ្នូ ឆ្នាំ ២០២៤ ។

យោងតាមក្រុមមេធាវី គឺខាង CIO មិនមានសិទ្ធិក្នុងការស៊ើបអង្កេតការ ចោទប្រកាន់នេះទេ ដូច្នេះដីកាចាប់ខ្លួនប្រធានាធិបតី Yoon ដែលចេញដោយតុលាការក្រុង សេអ៊ូលខាងលិច តាមសំណើរបស់ CIO គឺ “មិនត្រឹមត្រូវ” ។

យ៉ាងណាក៏ដោយ តុលាការក្រុងសេអ៊ូលបានទទួលឯកសារពី CIO ដើម្បីពិនិត្យនៅថ្ងៃទី១៦ ខែមករា ។ ការពិភាក្សាបានចាប់ផ្តើមនៅម៉ោង ៥ ល្ងាច និងមានរយៈពេលប្រហែលពីរម៉ោង មុនពេលតុលាការសម្រេចបដិសេធ សំណើពីក្រុមមេធាវី របស់លោក Yoon។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា នេះនឹងត្រួសត្រាយផ្លូវសម្រាប់ CIO ក្នុងការចេញដីកាចាប់ខ្លួនលើកទីពីរ ដោយឃុំខ្លួនលោក Yoon សម្រាប់ការស៊ើបអង្កេតរហូតដល់ ២០ ថ្ងៃ។ ប្រសិនបើដីកាត្រូវបានអនុម័ត CIO ទំនងជានឹងបញ្ជូនសំណុំរឿងទៅការិយាល័យរដ្ឋអាជ្ញាជាតិ ដែលមានសិទ្ធិអំណាចកាត់ទោសប្រធានាធិបតី៕
ប្រែសម្រួលៈ ណៃ តុលា

To Top