ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត ត្រូវមានវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទះលម្អ គ្រប់ប្រភេទ ដើម្បីធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ។
ការណែនាំរបស់ ក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានា ដែលបណ្តាលមកពីការដុតផាវ ការអុជ កាំជ្រួចផ្ទុះលម្អ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារផលប្រយោជន៍ និងធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ។
ក្រសួង បន្ដថា ស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដ៏ល្អប្រសើរ ក្រោម ម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅប្រកបដោយភាពសុខដុមរមនា និងមានសិទ្ធិសេរីភាពសព្វ បែបយ៉ាងដើម្បីចូលរួមក្នុងសកម្មភាព និងជីវភាពសង្គម ជាពិសេសការចូលរួមក្នុងការរៀបចំកម្មវិធីប្រពៃណី សាសនា តាមទំនៀមទម្លាប់បែបបុរាណ និងសម័យថ្មី ដែលក្នុងនោះ កត់សម្គាល់ឃើញថា ការរៀបចំកម្មវិធី ដែលមានលក្ខណៈជាឯកជន ជាក្រុមគ្រួសារ ឬលក្ខណៈជាសហគមន៍មួយចំនួន បានប្រារព្ធរៀបចំឡើង ដោយមានការដុតផាវ និង/ឬអុជកាំជ្រួចផ្ទះលម្អ ដើម្បីអបអរសាទរ និងកំសាន្តសប្បាយ ឬក៏ដើម្បីកំដរកម្មវិធី ដូចជាពិធីបុណ្យសាសនាតាមប្រពៃណី តាមតំបន់ ពិធីជប់លៀង ពិធីខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ ឬ ពិធីបុណ្យបូជាសពជាដើម។
ទិដ្ឋភាពទាំងអស់នោះ ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការដុតផាវបម្រើឲ្យកម្មវិធី ដូចពោលខាងលើនេះ គឺជាសកម្មភាពខុសច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ រីឯការអុជកាំជ្រួចផ្ទះលម្អ ថ្វីបើសកម្មភាពនេះត្រូវបានអនុញ្ញាតដោយច្បាប់ ប៉ុន្តែករណីខ្លះ បានបង្កហានិភ័យដល់ផ្នែកស្មារតី និងរំខានអារម្មណ៍របស់សាធារណជន ព្រមទាំងអាចបង្កអគ្គិភ័យជា យថាហេតុដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន រហូតបង្កគ្រោះថ្នាក់ដល់រូបរាងកាយ និង អាយុជីវិតមនុស្សផងដែរ៕