កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។
តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំ បានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ស្ថិតក្នុងឱកាសចុះពិនិត្យនោះ បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃមណ្ឌលសុខភាពរាមកោះស្នា សូមឱ្យរៀបចំទីកន្លែង និងសម្ភារៈបរិក្ខារទៅតាមស្តង់ដា នឹងត្រូវរៀបចំកន្លែងទុករថយន្តសង្គ្រោះ ឲ្យបានត្រឹមត្រូវ និងចំណតយានយន្តរបស់់ប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ៕