ព័ត៌មានអន្តរជាតិ

ប៉ូលីសជប៉ុន ចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ពីបទរួមគ្នាសម្លាប់ និងដុតសាកសពជនរួមជាតិរបស់ខ្លួន

VN Express

បរទេស៖ ប៉ូលីសក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាមបួននាក់ដោយសង្ស័យថា បានលួចទ្រព្យសម្បត្តិ គំរាមដើម្បីផលប្រយោជន៍ និងការបោះចោលសាកសពដោយខុសច្បាប់នៅក្នុងព្រៃ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែត Mainichi ថា ជនសង្ស័យមានឈ្មោះ Tu Minh Hai អាយុ ២៣ឆ្នាំ និងបុរសជនជាតិវៀតណាមបីនាក់ទៀតដែលមានអាយុចន្លោះពី ២០ឆ្នាំ ទៅ ៣០ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរៀបចំអំពើលួច និងដុតសាកសពឈ្មោះ Bui Quang Tung អាយុ ២៩ ឆ្នាំជាបន្តបន្ទាប់។

យោងតាមប៉ូលីសទីក្រុង Chiba បុរសទាំងនោះត្រូវបានគេចោទប្រកាន់ថា បានយកសាកសពរបស់ Tung ចេញពីលំនៅដ្ឋានរបស់គាត់ក្នុងទីក្រុង Chiba កាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំមុន។ ជនសង្ស័យបានដឹកសាកសពដោយប្រើរថយន្ត២គ្រឿងទៅព្រៃក្នុងក្រុងអូតាគី កន្លែងដែលគេដុតរថយន្ត១គ្រឿងជាមួយនឹងសាកសពនោះ ។ សារព័ត៌មាន NHK របស់ជប៉ុន រាយការណ៍ថា ឆ្អឹងសព Tung ត្រូវបានរកឃើញកាលពីថ្ងៃទី១០ ខែកុម្ភៈ។

អាជ្ញាធរបានបង្ហាញថា Hai និង Tung មានជម្លោះរឿងប្រាក់ចំណេញពីការដាំកញ្ឆា។ បន្ថែមពីលើនេះ ប៉ូលិសបានចោទប្រកាន់ថា នៅចន្លោះខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យបានលួចចូលផ្ទះឈ្មោះ Tung។ ពួកគេបានគំរាមម្តាយរបស់ Tung តាមរយៈវីដេអូ Call ដើម្បីជំរិតទារប្រាក់ ៥០លានដុង (១.៩៧០ ដុល្លារអាមេរិក) និងលួចទូរស័ព្ទដៃរបស់ Tung រួមជាមួយរបស់របរផ្ទាល់ខ្លួនផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top