ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA ។
ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះផងដែរ លោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានស្នើឱ្យ PATA ជួយផ្តល់ការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាបន្តបន្ទាប់ ជាមួយក្រសួងទេសចរណ៍ អំពីព័ត៌មានទាក់ទងនឹងលំនាំទេសចរណ៍ តម្រូវការទីផ្សារ រសនិយមរបស់ភ្ញៀវទេសចរ និងព័ត៌មានផ្សេងៗទៀត នៅក្នុងបរិបទនៃកម្ពុជា អាស៊ាន និងពិភពលោក តួយ៉ាងការទទួលបានការគាំទ្រពី PATA ក្នុងការផ្តល់កម្មវិធីអភិវឌ្ឍសមត្ថភាព ធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ជាពិសេសទៅទៀតនោះគឺ ទេសចរឌីជីថល ទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕