យេរ៉ូសាឡឹម៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍យ៉ាងដូច្នេះថា “ប្រសិនបើយើងត្រូវបានត្រលប់ទៅរកសង្រ្គាមឡើងវិញនោះ យើងនឹងធ្វើដូច្នេះតាមរបៀបថ្មី និងដោយប្រើប្រាស់កម្លាំងដ៏អស្ចារ្យថែមទៀត” ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈខ្សែជាវីដេអូ ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យ វេលាម៉ោង៨ និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង៦ និង៣០នាទីម៉ោងសកល លោក Netanyahu បានកត់សម្គាល់ដូច្នេះថា ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលចាកចេញពីតំណែង និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែង បានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់សិទ្ធិរបស់អ៊ីស្រាអ៊ែលក្នុងការវិលត្រឡប់ទៅកាន់ការប្រយុទ្ធវិញ ប្រសិនបើការចរចាលើដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង “គ្មានប្រយោជន៍” ទេនោះ ។
លោក Netanyahu បានកត់សម្គាល់ថា នៅក្នុងការសន្ទនាជាមួយលោកកាលពីល្ងាចថ្ងៃពុធ លោក ត្រាំ បានសង្កត់ធ្ងន់ផងដែរថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងគឺជាបទឈប់បាញ់ជាបណ្តោះអាសន្ន ។
លោក Netanyahu បានថ្លែងថា អ៊ីស្រាអ៊ែល នឹងរក្សាច្រករបៀង Philadelphia ដែលនៅតាមបណ្តោយព្រំដែនអេហ្ស៊ីប និងតំបន់ហ្គាហ្សា ដោយបានបន្ថែមថា “មិនត្រឹមតែយើងនឹងមិនកាត់បន្ថយកម្លាំងនៅទីនោះទេ យើងនឹងបង្កើនកម្លាំងបន្តិចទៀត” ។ លោកបានកត់សម្គាល់ថា កងកម្លាំងអ៊ីស្រាអ៊ែលនឹងត្រូវបានដាក់ពង្រាយនៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយនឹងបិទច្រកចេញពីគ្រប់ភាគីទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា