កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះលំនៅឋាន ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ។
បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១:១៥នាទី មានករណីអគ្គិភ័យកេីតឡេីង បណ្ដាលឱ្យឆេះផ្ទះចំនួន ០៥ខ្នងដល់ក្នុងនោះម្ចាស់ផ្ទះរងគ្រោះទាំង៥ មានឈ្មោះ សេន សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ ឈ្មោះ ឈៀក គី ភេទប្រុស អាយុ ៧៧ឆ្នាំ ឈ្មោះ ង៉ុង ណៃសន ភេទប្រុស អាយុ ៦២ឆ្នាំ ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ សៀក គឹមហន (ប្រាក់) ភេទប្រុសអាយុ ៦៣ឆ្នាំ ។
លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរសេនីយ៍ឯក អ៉ឹម ឃឿន បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ០១ គ្រឿង ស្រុកអូរាំងឪ ០១ គ្រឿង ស្រុកស៉ីធរកណ្ដាល ០១ គ្រឿង ។ ធ្វើឲ្យអគ្គិភ័យត្រូវបានរលត់ទាំងស្រុង នៅម៉ោង ១១:៥០នាទី ដោយប្រើប្រាស់ទឹកអស់ ១១ស៊ឺទែន ដោយពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះ បណ្ដាលឱ្យឆេះផ្ទះទាំងស្រុង ចំនួន ០៥ខ្នងរថយន្ត cammary ០១គ្រឿង ម៉ូតូ ចំនួន ០៦គ្រឿង កង់អាគុយ ០១គ្រឿង ប្រាក់រៀល ប្រាក់ដុល្លា និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕