កូឡុំបូ៖ អ្នកនាំពាក្យរបស់ប៉ូលិសបានលើកឡើងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលស្រីលង្កាបានអនុញ្ញាតឱ្យប៉ូលិសធ្វើការជ្រើសរើសមន្ត្រីប៉ូលិសចំនួន ១០.០០០នាក់បន្ថែមទៀត ។
លោក Manathunga អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ការជ្រើសរើសថ្មីនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលិសនៅក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងអនុវត្តប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម និងប្រឆាំងគ្រឿងញៀន ។
លោកបានឲ្យដឹងថា បច្ចុប្បន្ននេះមានប៉ូលិសប្រហែល ៧៥.០០០នាក់ ដែលចំនួននេះគឺមិនគ្រប់គ្រាន់សម្រាប់ប៉ូលិសនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថ្មីឡើយ ។
លោកបានបញ្ជាក់ថា បន្ទាប់ពីគណបក្សកាន់អំណាចប្រជាជនជាតិ ហៅកាត់ (NPP) ឡើងកាន់អំណាចកាលពីខែវិច្ឆិកាកន្លងទៅនេះ ប៉ូលិសបានបង្កើនប្រតិបត្តិការបង្ការគ្រោះថ្នាក់ចរាចរណ៍ ប្រឆាំងបទល្មើស និងប្រឆាំងគ្រឿងញៀន ។
ប៉ូលិសស្រីលង្កាបានណែនាំសម្រាប់កម្មវិធី “E-Traffic” កាលពីថ្ងៃទី១ ខែមករា ដែលជាវេទិការចល័តដើម្បីរាយការណ៍ពីការបំពានចរាចរណ៍ សកម្មភាពឧក្រិដ្ឋកម្ម និងការខូចខាតបរិស្ថាន ដោយគាត់បានបន្ថែមថា ពលរដ្ឋប្រហែល ១០.០០០នាក់បានទាញយកចូលក្នុងកម្មវិធីនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា