ព័ត៌មានជាតិ

សម្តេចធិបតី៖ អ្នកវិភាគ ឬបណ្ឌិតជើង១០ ភ្នែក៣ អង្គុយរាប់ពាន់គីឡូម៉ែត្រពីក្រៅប្រទេស ចាំតែវាយប្រហារកម្ពុជា

ពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើង បែបចំអកចំអន់ទៅក្រុមមនុស្សមួយចំនួន ដែលតាំងខ្លួនឯង ជាអ្នកចេះដឹងគ្រប់ជ្រុងជ្រោយ ដោយសម្តេចហៅថា ជាវិភាគឬបណ្ឌិតជើង១០ ភ្នែក៣ថា គ្មានគិតធ្វើអ្វីនោះទេ ក្រៅតែចាំអង្គុយទើសគេពីក្រៅប្រទេស រាប់ពាន់គីឡូម៉ែត្រដើម្បីវាប្រហារ រិះគនមកលើកម្ពុជា ដោយគ្មានបន្ធូរបន្ថយដៃ។

ចេញពីវេទិកាសម្ពោធសមិទ្ធផលនានា នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២០ មករា ជាទីដែលសម្តេចធិបតី អះអាងថាជាលើកដំបូងសម្រាប់ឆ្នាំថ្មីឆ្នាំ២០២៥បានចេញថ្លែងជាសាធារណៈ សម្តេចសូមយកវេទិកានេះលើកឡើងពី បញ្ហាជាច្រើនដែលសម្តេចចាត់ទុកថាជាប្រធានក្តៅពាក់ព័ន្ធបញ្ហាតម្លៃស្រូវ ដែលក្រុមជ្រុលនិយមនៅក្រៅប្រទេស យកធ្វើជាប្រធានបទញុះញង់ បន្ថែមទៀតអំពីតម្លៃស្រូវចុះថោកថា មានអ្នកវិភាគ ឬបណ្ឌិតជើង១០ ភ្នែក៣ ដោយខ្លះភ្នែក៥អង្គុយតែទើសរហូត ។ សម្តេចបវរធិបតីពន្យល់ពីបណ្ឌិតជើង១០ និងភ្នែក៣ថា ជើង១០គឺអង្គុយលើតុធ្វើការមានជើង៤ អង្គុយលើកៅអីជើង៤ និងជើងខ្លួនឯង២ទៀត ដល់ភ្នែក៣វិញគឺអង្គុយរិះគន់ដោយភ្នែកខ្លួនឯង២ និងមើលតាមភ្នែកកាមេរាតាមរយៈហ្វេសប៊ុក១ទៀត ។

សម្តេចបន្តថា “បានន័យថា ម្ងៃៗអង្គុយពីរាប់ពាន់គីឡូ អង្គុយនៅហ្នឹងកៅហ្នឹងស្រែកតាមកាមេរាមើលមក ស្រែកវាយប្រហារស្រែករិះគន់ ។ កសិករមានការព្រួយបារម្ភហើយរឿង ជាក់ស្តែងគាត់ចង់ឲ្យរាជរដ្ឋាភិបាលគិតគូរ គាត់មិនទៅរឿងនយោបាយទេ ប៉ុន្តែអ្នកនោះ (ក្រុមប្រឆាំង) ចេះតែទាញអាហ្នឹងដើម្បីចំណេញ នយោបាយលើខ្នងកសិករថាខ្លួនស្រឡាញ់កសិករ ។ អ្វីដែលលើកជាកិច្ចការសំខាន់ប៉ុន្តែមនុស្សមួយចំនួន ជាអ្នកវិភាគដដែលៗ អ្នកមុខងារនយោបាយ ប្រជាពលរដ្ឋខ្លះសម្តែងមតិតាមហ្វេសប៊ុកតាមអីជាការកង្វល់ខ្ញុំគាំទ្រ ហើយក្រសួងយើងដុតដៃដុតជើង ដោយសារគាត់ស្រែកប្រាប់ថា នៅកន្លែងណាយើងទៅរកដឹងគោលដៅ” ។

សម្តេចធិបតីអះអាងថា សម្តេចមិនបដិសេធចំពោះការលើកឡើងពី បញ្ហាតម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះក្នុងនាមរាជរដ្ឋាភិបាលបានដឹងលឺអស់ហើយពីបញ្ហានេះ ហើយក៏បានខិតខំដោះស្រាយ ទាំងអស់ដែរ។

ដើម្បីកុំឲ្យពិបាកកត់ចំណាទៀត និងស្រួលហៅនោះ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ហៅថា ទណ្ឌិតជើង១០ ភ្នែក៣វិញថា ទណ្ឌិតនោះបានបើកការវាយប្រហារ ជេរមកលើរាជរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ទាំងវង្សត្រកូលរបស់សម្តេចតែម្តង ដោយគ្មានលើកលែង ដោយមួយថ្ងៃៗបានគៀងគរពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធឲ្យ ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលទាំងតំបន់អភិវឌ្ឍន៍ត្រីកោណ និងកោះគុជ៕

To Top