ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គន្លឹះនៃភាពជោគជ័យរបស់យើង គឺឈរលើ ៣ជំហានសំខាន់ៗ ក្នុងនោះជំហានទី១ ការសិក្សា និងវិភាគលើការងារដែលត្រូវអនុវត្ត បន្ទាប់មកទី២ គឺ ការសាកល្បងធ្វើជាមុនសិន ហើយបើការសាកល្បងជោគជ័យ នោះការអនុវត្តដាច់ខាតនឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។
ឈរលើកត្តាទាំងនេះហើយ ទើបធ្វើឱ្យភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» និងយុទ្ធនាការជាច្រើនទៀតរបស់ក្រសួងបរិស្ថានទទួលបាន ការគាំទ្រ ការប្តេជ្ញាចិត្ត ការចូលរួមសំអាត និងការចូលរួមដាំដើមឈើឡើងវិញពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការកំណត់យុទ្ធសាស្រ្ត គឺជាដំណើរការនៃការដោះស្រាយ ដែលអាចបត់បែនបាន ដើម្បីប្រសិទ្ធភាពការងារវិស័យបរិស្ថាន និងជាកិត្តយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្តល់ចំណេះដឹងសុខភាពបរិស្ថាន និងបន្តដឹកនាំឱ្យទៅជាយុទ្ធនាការ ដោយមានការគាំទ្រ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនឹហការរួមគ្នាសំអាត នេះហើយគឺជាចលនាស្អាត ដែលនឹងឈានទៅទំលាប់ស្អាត ហើយទំលាប់ស្អាតនេះហើយ ដែលជាចីរភាពនៃការងាររបស់យើងប្រកបដោយភាពយូរអង្វែងតទៅគ្រប់ជំនាន់។
សូមជម្រាបជូនថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ Manaak New Zealand និង Erasmus+ នេះ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៕