ភ្នំពេញ ៖ គណៈប្រតិភូក្រុមហ៊ុន LipCo Foods របស់ប្រទេសប៉ូឡូញ បានបង្ហាញពីផែនការ របស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃ ចំណីអាហារ នៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ ។
ការលើកឡើងរបស់ គណៈប្រតិភូក្រុមហ៊ុន LipCo Foods នាឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន LipCo Foods ដឹកនាំដោយលោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនអំពីការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។
ទាក់ទងនឹងកិច្ចការងារវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជន ដែលបានចាត់ទុកវិស័យនេះ ជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាល តែងតែអនុញ្ញាត ឱ្យមានការរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបើកឱកាសឱ្យវិនិយោគិនឯកជន បានលើកឡើងពីបញ្ហានានា និងឈានទៅដល់ការ ដោះស្រាយផ្ទាល់នៅក្នុងវេទិកានេះតែម្តង។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា បន្ថែមពីលើយន្តការដ៏មានប្រសិទ្ធភាពខាងលើ នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអ៉ឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ លោកឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី លោក CÉSAR LIPKA នាយកប្រតិបត្តិក្រុមហ៊ុន LipCo Foods បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងបានលើកឡើងអំពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុនខ្លួន ក្នុងផលិតកម្មកែច្នៃចំណីអាហារដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារអឺរ៉ុប ដោយបានបញ្ជាក់អំពីភូមិសាស្រ្តប្រទេសប៉ូឡូញ ដែលសម្បូរទៅដោយភោគផលធម្មជាតិ និងផលិតផលកសិកម្មទ្រង់ទ្រាយធំ ដូចជា ការចិញ្ចឹមជ្រូកយកសាច់ និងការដាំដំណាំផ្លែប៉ោមជាដើម។

ទន្ទឹមនឹងនេះ គណៈប្រតិភូក្រុមហ៊ុន ក៏បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការបង្កើតរោងចក្រកែច្នៃ ចំណីអាហារនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារ នៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា លោក នាយកប្រតិបត្តិ បានបង្ហាញអារម្មណ៍កក់ក្តៅ និង សុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនា ក្នុងការពន្លឿនផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យលេចចេញជារូបរាងកាន់តែឆាប់រហ័ស៕
