ព័ត៌មានជាតិ

ប្រធានសមាគម មិត្តភាពកម្ពុជា ចិន លើកឡើងថា ចិនគឺជាប្រទេសគំរូមួយ ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជា អាចរៀនសូត្រតាម

ភ្នំពេញ ៖ លោកឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិនលើកឡើងថា ប្រទេសចិនគឺជាប្រទេសគំរូមួយ លើកការងារកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាអាចរៀនសូត្រតាម ខណៈប្រទេសយើងទាំងពីរតែងតែគាំទ្រ គ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ ។

ក្នុងកិច្ចសម្ភាសមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ឯក សំអុល មានប្រសាសន៍ថា ចំណុចដែលកម្ពុជា ត្រូវរៀនសូត្រពីប្រទេសចិននោះគឺ ការអភិវឌ្ឍលើគ្រប់វិស័យ នៅតាមទីជនបទ ។
លោកបានមានប្រសាសន៍ថា « កម្ពុជាគួររៀន សូត្រពីចិនគឺការកសាងភូមិគំរូកាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ដោយចិនបានបញ្ចូលការ អប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមជនបទ និងជនជាតិផ្សេងៗឱ្យមានការប្រែប្រួលពីក្រីក្រលំបាកមកជាធូធារ មានវប្បធម៌ ចំណេះដឹងខ្ពស់។ ខ្ញុំសូមជំរុញឱ្យភាគីពាក់ព័ន្ធខិតខំធ្វើរឿងនេះឱ្យបានច្រើនជាងមុនថែមទៀត ។»

ដោយមើលឃើញពីចំណុចល្អ របស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ភាគីកម្ពុជា និងចិនបានសហការគ្នាជ្រើសរើសភូមិតានន ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដើម្បីអភិវឌ្ឍន៍ និងធ្វើជាភូមិគំរូមួយក្នុង ការកាត់បន្ថយភាពក្រីក្រ ។

ក្នុងនាមលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ជា ពៅ អគ្គលេខាធិការរងបានថ្លែងថា ការអនុវត្តគម្រោង កាត់បន្ថយភាពក្រីក្រ នៅភូមិតានននេះ ជាសញ្ញាណវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកាន់តែ រឹងមាំរវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញបាន នូវតម្រូវការជាមូលដ្ឋាន ជូនដល់ប្រជាជនកម្ពុជា។

គួររម្លឹកថា គិតចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានខិតខំកៀរគរជំនួយរបស់ចិន មកចូលរួមនៅក្នុងការអភិវឌ្ឍស្រុកបាទី ជាពិសេសភូមិតានន ឃុំដូង មានដូចជា ៖ អគារសិក្សា អណ្តូងទឹក ស្ថានីយផលិតទឹកស្អាត ផ្លូវបេតុង លូបង្ហូរទឹកភ្លៀង ផ្លូវដីខ្សាច់ស បង្គោលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យបំភ្លឺផ្លូវ, អគារពហុបំណងកម្ពស់២ជាន់ បំពាក់ដោយសម្ភារៈ អេឡិចត្រូនិក បម្រើដល់ការបណ្តុះបណ្តាល ការប្រារព្ធពិធីសាសនា និងជំនួបនានា ។ ម៉ូតូដឹកកម្មករ, ម៉ូតូសម្រាប់ដឹកអ្នកជំងឺ, ដាំដើមឈើតាមផ្លូវ និងការថែរក្សាបរិស្ថានក្នុងភូមិ ។ ក្រៅពីនេះភាគីចិន ក៏បានផ្តល់កាតាបដល់សិស្សានុសិស្សក្នុង១ឆ្នាំ៤០០កញ្ចប់សម្រាប់រយៈពេល៣ឆ្នាំ និងកង់ដល់សិស្សានុសិស្ស៨០គ្រឿង ៕

To Top