ព័ត៌មានជាតិ

ឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូល ពីការនាំចេញផលិតផល កៅស៊ូជាង ៦៧១លានដុល្លារ

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា ទទួលបានចំណូលពីការនាំចេញ ផលិតផលកៅស៊ូ មានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង ១៥០លានដុល្លារ ធៀបឆ្នាំ២០២៣។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ឌិត ទីណា នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ភោធ រោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត ឯ.ក ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

នៅចំពោះមុខអង្គពិធី លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងលម្អិតថាក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។

បើតាម លោករដ្ឋមន្រ្តី បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំ ចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិត សំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញ ជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣»។

លោករដ្ឋមន្ត្រី បានលើកឡើងថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕

To Top